ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យចំនួន ១១នាក់ និងវត្ថុតាងទៅតុលាការ ពាក់ព័ន្ធករណីហិង្សា នៅចំណុចផ្សាររាត្រីទឹកពុះ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ និងវត្ថុតាងទៅតុលាការ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីរាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីនេះ បង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាប្រហែលជា ៣០នាក់ ជិះរថយន្តចំនួន ៣គ្រឿង ទៅអង្គុយផឹកស៊ីនៅហាងABCក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន ៥នាក់។ ក្នុងពេលពួកគេកំពុងផឹកស៊ីនោះ ក្រុមជនរងគ្រោះក៏ទៅដល់កន្លែងផឹកស៊ីដែរ។

មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើហិង្សា ដោយយកដបស្រា និងកែវជាច្រើន គប់ទៅលើក្រុមជនរងគ្រោះ ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ តែក្រុមជនសង្ស័យមិនស្ដាប់តាម ហើយបន្តគប់ដបស្រា និងកែវ ព្រមទាំងដេញវាយទៅលើក្រុមជនរងគ្រោះ និងកម្លាំងអាវុធហត្ថថែមទៀត។

បន្ទាប់មកក្រុមជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លី (ពុំស្គាល់ម៉ាក) បាញ់លើកម្លាំងអាវុធហត្ថ បណ្ដាលឱ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ និង ២នាក់ទៀតរងរបួសស្រាល ដោយសារត្រូវនឹងកែវស្រាដែលពួកជនសង្ស័យគប់មកលើ។ ទោះជាកម្លាំងចុះឃាត់យ៉ាងនេះក៏ដោយ ក្រុមជនសង្ស័យនៅតែបន្តវាយលើសមត្ថកិច្ច ក្រោយមកទើបកម្លាំងបានសម្រេចចិត្តបាញ់កាំភ្លើងតបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលខាងជនសង្ស័យរងរបួសម្នាក់ចំជើង។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងដែរថា ដោយឃើញសភាពការណ៍ដូច្នេះ លោកបានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានសុំគោលការណ៍ពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយបានដឹកនាំកម្លាំងចុះបង្ក្រាបករណីខាងលើ និងឃាត់ខ្លួនក្រុមជនបង្កជាបន្តបន្ទាប់បានចំនួន ១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND 7677 ចំនួន១គ្រឿង រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CNE 7677 ចំនួន១គ្រឿង បំពង់ទីបដែកប្រវែង ១១០សង់ទីម៉ែត្រ ចំនួន១ដើម កាំបិតប៉័ងតោដងឈើចំនួន ២ដើម កាំបិតចុងស្រួចចំនួន ១ដើម ហើយបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ជនសង្ស័យទាំង១១នាក់ ក្រោយពីកម្លាំងជំនាញសាកសួរពួកគេបានសារភាពថា ពួកគេមានគ្នាចំនួន ២០នាក់ បាននាំគ្នាជិះរថយន្ត ២គ្រឿង ដែលមានភិនភាគខាងលើ ព្រមទាំងម៉ូតូចំនួន ២គ្រឿងទៀត ពិតជាបាននាំគ្នាទៅផឹកស៊ីក្នុងហាងនោះពិតប្រាកដមែន ហើយបានបង្កជម្លោះទៅលើក្រុមម្ខាងទៀត។

ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានចុះមកអន្តរាគមន៍ ពួកគេក៏បានធ្វើការតដៃជាមួយសមត្ថកិច្ចទៀត ប៉ុន្តែពួកគេមិនបានដឹងថា ក្រុមរបស់គេអ្នកណាមានកាំភ្លើងបាញ់ទៅលើសមត្ថកិច្ចនោះទេ ចំណែកបក្សពួកជនបង្ក ៩នាក់ ផ្សេងទៀត ដែលរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវ៕

ប្រភព៖​​​​​​ CNC

មតិយោបល់