ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច និងទិញស្លាកលេខរថយន្ត នៅ​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្តនៅមុខគ្មានលេខ ផ្លូវជាតិលេខ១ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ញឹក វី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះកើតហេតុ។

ចំណែកជនសង្ស័យទី១-ឈ្មោះដែក សារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ, ទី២-ឈ្មោះឯក ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Toyota Hilux Revo ពណ៌ស ផ្លាកលេខ ភ្នំពេញ ២BP-៣៤៣៥ នៅចំណុចកើតហេតុ រួចចូលដេកក្នុងផ្ទះស្រាប់តែជនសង្ស័យឈ្មោះដែក សារិទ្ធ លួចផ្លាកលេខ (ភ្នំពេញ២BP-៣៤៣៥) ទាំងមុខ-ក្រោយគេចខ្លួន។ លុះដល់ម៉ោង១៦និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ឈ្មោះដែក សារិទ្ធ នៅភូមិយកបាត្រ សង្កាត់ ក្បាលកោះ ដកហូតបានស្លាកលេខរថយន្ត(ភ្នំពេញ ២BP-៣៤៣៥) និងស្លាកលេខ១គូទៀត (ភ្នំពេញ ២BA-៦៩៧៥)។ រហូតដល់ម៉ោង១៧និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះឯក ជីវ័ន្ត (អ្នកទិញផ្លាកលេខរថយន្តពីជនសង្ស័យ) ដកហូតម៉ូតូ០១ គ្រឿង ម៉ាកHonda Scoopy ពណ៌ស គ្មានផ្លាកលេខ។ ឃាត់ខ្លួននៅភូមិយកបាត្រ សង្កាត់ក្បាលកោះ។

សមត្ថកិច្ចបញ្ជាក់ថា កន្លងមកជនសង្សយ័ឈ្មោះ ដែក សារិទ្ធ ធ្លាប់លួចផ្លាកលេខរថយន្ត០៥លើក។ ជនសង្ស័យឈ្មោះ ដែក សារិទ្ធ ធ្លាប់ជាប់ពន្ធនាគារព្រៃស០៣លើក៖

-លើកទី១៖ ក្នុងឆ្នាំ២០១៥ រយ:ពេល ០៤ខែ ពីបទ៖ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

-លើកទី២៖ ក្នុងឆ្នាំ២០១៧ រយ:ពេល០១ឆ្នាំ ពីបទ៖ លួច។

-លើកទី៣៖ ក្នុងឆ្នាំ២០១៩ រយ:ពេល០២ឆ្នាំ ពីបទ ៖រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់