ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ត្រៀមៗ! ភាពយន្តល្បីៗចំនួន ៤រឿង នឹងចាក់បញ្ចាំងដោយឥតគិតថ្លៃ ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣

(ភ្នំពេញ)៖ ភាពយន្តល្បីៗចំនួន៤រឿង នឹងចាក់បញ្ចាំងដោយឥតគិតថ្លៃ ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលរៀប ចំឡើងនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពិធីបើកការចាក់បញ្ចាំងនេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅរោងភាពយន្ត Major Cineplex សាខាផ្សារ AEON1។ បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា ភាពយន្តទាំង ៤រឿងនោះរួមមាន៖

១៖ ភាពយន្តរឿង ទ្វាររបង (The Gate) ផលិតក្នុងឆ្នាំ២០១៤ នៅក្នុងទឹកដីកម្ពុជា ក្រោមកិច្ចសហការផលិតរវាង កម្ពុជា បារាំង និងប៊ែលហ្សិក។ ភាពយន្តនេះ ដឹកនាំដោយ លោក Régis Wargnier ជនជាតិបារាំង។

២៖ភាពយន្តរឿង កង្វះរូបភាព (Missing the Picture) ផលិតក្នុងឆ្នាំ២០១៣ នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការផលិតរវាង កម្ពុជា និងបារាំង។ រឿងកង្វះរូបភាព ដឹកនាំរឿងដោយ លោក ប៉ាន់ រិទ្ធី ជាផលិតករជនជាតិខ្មែរ ហើយស្នាដៃភាពយន្តរឿងកង្វះរូបភាពនេះ ទទួលបានពានរង្វាន់ពីមហាស្រពភាពយន្តអន្តរជាតិជាច្រើន ក្នុងនោះពានរង្វាន់ Un Certain regard Prize ក្នុងមហោស្រពភាពយន្តកាន ឆ្នាំ២០១៣។

៣៖ ៣៖ ភាពយន្តរឿង ទាហ៊ានស្បែកស (White Soldier) ផលិតក្នុងឆ្នាំ២០១៥ ដោយប្រើប្រាស់ទីតាំងថតនៅកម្ពុជា ជំនួសប្រទេសវៀតណាម។ ភាពយន្តនេះ ដឹកនាំរឿងដោយលោក Érick Zonca ជនជាតិបារាំង។ ភាពយន្តរឿង ទាហ៊ានស្បែកស ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជា «ភាពយន្តទូរទស្សន៍ ឬរឿងភាគល្អបំផុត» ក្នុងកម្មវិធីពានរង្វាន់ International Emmy Awards។

៤៖ហ្វីលចុងក្រោយ (The Last Reels) ផលិតក្នុងឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជា ដោយផលិតកម្មហនុមាន ដឹកនាំរឿងដោយ លោកស្រី សុទ្ធោ គុល្លិកា និងនិពន្ធដោយលោក Ian Master ជនជាតិអង់គ្លេស។ ភាពយន្តរឿង ដុំហ្វីលចុងក្រោយទទួលបានពានរង្វាន់ «Spirit of Asia Award» ដែលជារង្វាន់ពិសេសពីមូលនិធិជប៉ុន នៅក្នុងមហោស្រពភាពយន្តអន្តរជាតិតូក្យូ ឆ្នាំ២០១៤។

បើតាមឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្រសួងបានសហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៊ីអឺរ៉ុប (ASEF) ដោយនឹងរៀបចំមហោស្រពវប្បធម៌អាស៊ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។

ដោយឡែកនៅឆ្នាំនេះ ព្រឹត្តិការណ៍ជាង៣០ ដែលមានសិល្បករអាស៊ី និងអឺរ៉ុប ជាង ១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៊ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រ្តី ការតាំងពិព័រណ៌ និងវេទិកាជជែកពិភាក្សា។ នៅរាជធានីភ្នំពេញ មានកម្មវិធីវប្បធម៌ចំនួនពីរ ដែលរៀបចំដោយផ្ទាល់ គឺការតាំងពិព័រណ៍វប្បធម៌នៅសារមន្ទីរជាតិពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តចំនួន៣ថ្ងៃគឺ ថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ៕

មតិយោបល់