ព័ត៌មានជាតិ

ភ្នំភ្លើងលើកោះ La Palma នៃប្រទេសអេស្ប៉ាញ នៅតែបន្តផ្ទុះបញ្ចេញកំអែភ្នំភ្លើង អស់ពេល ៦៦ថ្ងៃមកនេះ

(ម៉ាឌ្រីដ)៖ ការផ្ទុះភ្នំភ្លើង គូមប្រេ វីចា (Cumbre Vieja) នៅលើដែនកោះ La Palma នៃប្រទេសអេស្ប៉ាញហាក់មិនមានសញ្ញា ធូរស្រាល និងមិនដឹងថាពេលណាឈប់នោះទេ ខណៈភ្នំភ្លើងមួយនេះមានសកម្មភាពអស់រយៈពេលជាង៦៦ថ្ងៃមកហើយជាមួយការបញ្ចេញកំអែភ្នំភ្លើង ផេះ និងបណ្ដាលឱ្យមានការរញ្ជួយដីផងដែរ។

បច្ចុប្បន្ន កំអែភ្នំភ្លើង បានគ្របដណ្ដប់លើផ្ទៃដីជាង ១,០៦០ហិកតា នៅលើដែនកោះ La Palma រីឯអគារ ២,៥០០ខ្នងត្រូវបានបំផ្លាញ និងមនុស្ស ៧,០០០នាក់ត្រូវបានជម្លៀស តែមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានភូមិសាស្ត្រជាតិនៃប្រទេសអេស្ប៉ាញ បានឱ្យដឹងថា គ្រោះរញ្ជួយដីចំនួន៤៦លើក ត្រូវបានរាយការណ៍នៅចន្លោះពី១២៖០០នាទីយប់ ថ្ងៃចន្ទ ដល់ម៉ោង ៧៖៣៧នាទីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ហើយក្នុងនោះគ្រោះរញ្ជួយដីមានកម្រិតធ្ងន់បំផុតគឺ ៤.៨ និង៤.៧ រ៉ិចទ័រ។

ដោយឡែក កាលពីថ្ងៃចន្ទសប្ដាហ៍នេះ គ្រោះរញ្ជួយដីចំនួន៩៥លើក ក៏ត្រូវបានកត់ត្រាផងដែរ ហើយដែលនេះជាចំនួនរញ្ជួយដីច្រើនបំផុតគិតចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកាមក ជាពេលដែលគ្រោះរញ្ជួយដី ច្រើនជាង ៣០០លើក ត្រូវបានរាយការណ៍។

ប្រភព៖​​​​​​ AFP

 

មតិយោបល់