ព័ត៌មានជាតិ

ជនអន្តោប្រវេសន៍ ២៧នាក់ ស្លាប់ក្នុងករណីលិចទូក នៅជិតតំបន់ឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំង

(ប៉ារីស)៖ ជនអន្តោប្រវេសន៍យ៉ាងហោច ២៧នាក់ បានស្លាប់នៅថ្ងៃពុធសប្ដាហ៍នេះនៅពេលទូករបស់ពួកគេលិច នៅជិតតំបន់ឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំង ខណៈព្យាយាមធ្វើដំណើរពីបារាំង ចូលទៅក្នុងទឹកដីអង់គ្លេស។

បើតាមអាជ្ញាធរបារាំងទូករបស់ជនអន្តោប្រវេសន៍ខាងលើ បានលិចនៅទីក្រុងកំពង់ផែ Calais ភាគខាងជើងប្រទេសបារាំង ដោយមានតែអ្នកនៅរស់រានមានជីវិតចំនួន ០២នាក់ប៉ុណ្ណោះ ហើយសោដនាកម្មនេះ បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលជនអន្តោប្រវេសន៍បានចាប់ផ្តើម ប្រើប្រាស់ទូកធំៗរបស់ពួកគេ ដើម្បីធ្វើដំណើរតាមផ្លូវទឹក។

អាជ្ញាធរបារាំងបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣១,៥០០នាក់ បានព្យាយាមចាកចេញពីប្រទេសបារាំង ទៅកាន់ចក្រភពអង់គ្លេស ចាប់តាំងពីដើមឆ្នាំ ២០២១ មកម្ល៉េះ ហើយមនុស្ស ៧,៨០០នាក់ ត្រូវបានជួយសង្គ្រោះនៅឯសមុទ្រ ក្រោយការធ្វើដំណើររបស់ពួកគេជួបគ្រោះថ្នាក់ ហើយតួលេខបានកើនឡើងទ្វេដង គិតចាប់តាំងពីខែសីហា៕

ប្រភព៖ Reuters

មតិយោបល់