ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំតាមរយៈនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីបំណងអញ្ជើញកំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo មកលេងប្រទេសកម្ពុជានៅថ្ងៃណាមួយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជា ទៅតារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន»។
បំណងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញដឹកនាំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំពោះមុខប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក៏ធ្លាប់បានបង្ហើបពីការត្រៀមអញ្ជើញកីឡាករបាល់ទាត់លំដាប់ពិភពលោកចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ១៩ ធូរស្រាលទៀតផង៕




មតិយោបល់