ព័ត៌មានជាតិ

មនុស្សយ៉ាងហោច ៥២នាក់ ស្លាប់ក្នុងគ្រោះថ្នាក់នៅអណ្ដូងរ៉ែធ្យូងថ្ម ក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី

(ម៉ូស្គូ)៖ មនុស្សយ៉ាងហោច ៥២នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងហេតុការណ៍ផ្ទុះឆេះ នៅឯអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅក្នុងតំបន់ ស៊ីបេរី (Siberia) ប្រទេសរុស្ស៊ី។

បើតាមសារព័ត៌មានក្នុងស្រុករុស្ស៊ី មនុស្ស ៥២នាក់បានស្លាប់ ក្នុងនោះរួមមានកម្មករអណ្ដូងរ៉ែ និងក្រុមអ្នកជួយសង្រ្គោះ ០៦នាក់ ខណៈជាច្រើននាក់ទៀតត្រូវបានជួយសង្រ្គោះ។

អណ្ដូងរ៉ែធ្យូងថ្ម Listvyazhnaya មានទីតាំងស្ថិតនៅក្បែរទីក្រុង Belovo នៃតំបន់ Kemerovo ត្រូវបានគេរាយការណ៍ថា មានផ្សែងហុយចេញពីអណ្ដូងរ៉ែនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ចំពេលមនុស្ស ២៨៥នាក់ កំពុងស្ថិតនៅក្នុងអណ្ដូងរ៉ែនេះ។

មិនទាន់មានការបញ្ជាក់មូលហេតុ ដែលបានបង្កឱ្យមានសោកនាដកម្មនេះទេ តែអាជ្ញាធរុស្ស៊ីសន្និដ្ឋានជាបឋមថា វាអាចបង្កឡើងដោយការផ្ទុះសារធាតុគីមី មេតាន ហើយអ្នកគ្រប់គ្រងអណ្ដូងរ៉ែនេះជាច្រើននាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានបំពានលើបទដ្ឋានសុវត្ថិភាព៕

ប្រភព៖​​​​​​ Reuters

មតិយោបល់