(Reuters) - ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់ការលើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ីកំពុងតាមដាន នាវាពិឃាតដែលមានផ្ទុកគ្រាប់មីស៊ីលដែលមានឈ្មោះ USS Arleigh Burke បន្ទាប់ពីបានចូលទៅក្នុងសមុទ្រខ្មៅ ដើម្បីល្បាតជាមួយសម្ព័ន្ធមិត្តណាតូ។
សមយុទ្ធនេះកើតឡើងនៅពេលមានភាពតានតឹងខ្លាំងនៅក្នុងតំបន់ ដោយរុស្ស៊ី អ៊ុយក្រែន និងអង្គការណាតូ បានធ្វើសមយុទ្ធយោធាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយទីក្រុងម៉ូស្គូបានបដិសេធការសង្ស័យរបស់ទីក្រុង Kyiv និងវ៉ាស៊ីនតោនថា ខ្លួនកំពុងរៀបចំគំរោងឈ្លានពានអ៊ុយក្រែន។
ប៉ុន្តែកងនាវាចរទីប្រាំមួយរបស់សហរដ្ឋអាមេរិកបាននិយាយថា នាវាឈ្មោះ Arleigh Burke បានចូលទៅក្នុងសមុទ្រខ្មៅជាការល្បាតប្រចាំថ្ងៃ បន្ទាប់ពីប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធយោធានៅទីនោះជាមួយយន្តហោះ និងនាវា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវាចរនោះបាននិយាយថា “កំឡុងពេលដែលស្ថិតនៅក្នុងសមុទ្រខ្មៅ នាវានេះនឹងធ្វើប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តណាតូ និងដៃគូក្នុងតំបន់នានា ដោយធ្វើការរួមគ្នាដើម្បីធានាសន្តិសុខ និងស្ថិរភាពនៅផ្លូវទឹកអន្តរជាតិដ៏សំខាន់នេះ”។
អ៊ុយក្រែនបានងាកទៅរកលោកខាងលិច និងនៅឆ្ងាយពីទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូចាប់តាំងពីឆ្នាំ ២០១៤ ជាពេលដែលប្រធានាធិបតីដែលគាំទ្ររុស្ស៊ីត្រូវបានបណ្តេញចេញក្នុងការតវ៉ាដ៏ធំ។ អ៊ុយក្រែនមិនមែនជាសមាជិកណាតូទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនរីករាយនឹងគាំទ្រ រួមទាំងជំនួយការពារជាតិ និងការផ្គត់ផ្គង់នាវាល្បាត និងអាវុធប្រឆាំងរថក្រោះជាដើម។
បេសកកម្មរបស់នាវាឈ្មោះ Arleigh Burke កើតមានបន្ទាប់ពីបេសកកម្មស្រដៀងគ្នានេះទៅកាន់សមុទ្រខ្មៅកាលពីដើមខែនេះ ដោយនាវាដឹកនាំឈ្មោះ USS Mount Whitney ដែលត្រូវបានតាមដានយ៉ាងដិតដល់ដោយកងទ័ពជើងទឹករុស្ស៊ីផងដែរ ៕



មតិយោបល់