ព័ត៌មានជាតិ

ជនដៃដល់ ដែលបានកាប់សម្លាប់ និស្សិតថ្នាក់បណ្ឌិតម្នាក់ នៅខណ្ឌជ្រោយចង្វារ អាចនឹងត្រូវជាប់គុក អស់មួយជីវិត

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកសុង ប៊ុណ្ណារិទ្ធិ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ បានសម្រេចឃុំខ្លួន បុរសដៃដល់ ដែលបានកាប់សម្លាប់លោក ស៊ិន ខុន ជា និស្សិតថ្នាក់បណ្ឌិត និង ជាអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ២១ ខែ វិច្ឆិកានោះ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ ឬ ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការ ធ្វើសវនាការ តាមផ្លូវច្បាប់។

យោងតាមដីការបស់លោកចៅក្រមស៊ើបសួរ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ សៀង ឆរ័ត្ន ហៅ ធំ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ជាង សំណង់។

ជនជាប់ចោទត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ អំពីតុលាការ ( ឃុំខ្លួន) ពីបទ: ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ អាចនឹងត្រូវជាប់គុក អស់មួយជីវិត ប្រសិនបើតុលាការរកឃើញ ពីពិរុទ្ធភាព បើយោងតាម បញ្ញតិ្តមាត្រា ២០០នេះ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ កាលពីរសៀលថ្ងៃទី ២២ ខែ វិច្ឆិកា បន្ទាប់ពីគាត់ បានស.ម្លាប់ជនរងគ្រោះ ឈ្មោះ ស៊ិន ខុន ដោយកាប់នឹង កាំបិតផ្គាក់ ប្រព្រឹត្តកាលពីវេលាម៉ោងប្រមាណ១និង៣០ នាទី អធ្រាត្រ នាថ្ងៃទី អាទិត្យទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ស្ថិតនៅនៅម្ដុំវត្តចាស់ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

មតិយោបល់