ភ្នំពេញៈ នារីរូបស្រស់ម្នាក់ ខណៈកំពុងអង្គុយញាំបាយ ស្រាប់ត្រូវជនសង្ស័យមា្នក់ កាន់កាំបិតបុ័ងតោ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែសំណាងល្អប្រជាពលរដ្ឋឃើញទាន់ ជួយដេញចាប់បាន ហើយប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២ និង៣០ នាទីយប់រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ីមួយកន្លែង នៅខាងក្រោយស្ថានទូតអូស្ត្រាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័ខាងលើមាបឈ្មោះឌី ហាក់ ភេទប្រុស អាយុ២៤ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរូបស្រស់ម្នាក់ កំពុងតែអង្គុយញុំាអី នៅក្នុងហាងមួយកន្លែង ស្ថិតខាងក្រោយស្ថានទូតអូស្ត្រាលី ខណៈនោះក៏លេចមុខជនសង្ស័យម្នាក់ ដើរថ្មើរជើងសំដៅទៅនារីរងគ្រោះ និងធ្វើសកម្មភាពឆក់យកកាបូប ដែលដាក់នៅលើតុបានសម្រេច ហើយជនរងគ្រោះ ក៏បានស្រែកឲ្យគេជួយ។
ដោយប្រជាពលរដ្ឋនៅទីនោះ បានរត់ដេញតាមជនសង្ស័យ រហូតដល់ក្នុងការដ្ឋានសំណង់មួយកន្លែង ធ្វើឲ្យជនសង្ស័យភ័យពេក ក៏រត់ធ្លាក់រណ្ដៅដែលមានជម្រៅប្រហែង៦ម៉ែត្រ ទើបប្រជាពលរដ្ឋចាប់បាន និងឆែកឃើញកាំបិតបុ័ងតោមួយដើម ហើយប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់តែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌចំកាមន ចាត់ការតាមនិតិវិធី៕
មតិយោបល់