(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាននិយាយថាជប៉ុន និងសហរដ្ឋអាមេរិក មិនអាចឈរនៅស្ងៀមឡើយ ប្រសិនបើប្រទេសចិនវាយប្រហារ លើកោះតៃវ៉ាន់ ហើយទីក្រុងប៉េកាំងគួរតែយល់ច្បាស់ពីរឿងនេះ។
លោក Abe ធ្វើការកត់សម្គាល់ខាងលើនាឱកាសថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់វេទិកាថ្នាក់តំបន់មួយ រៀបចំឡើងដោយវិទ្យាស្ថានជាតិស្រាវជ្រាវគោលនយោបាយ របស់តៃវ៉ាន់។ ថ្លែងឱកាសនោះ អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថាទីប្រជុំកោះ Senkaku ឬចិន Diaoyu មានចម្ងាយស្ថិតនៅកៀកកោះតៃវ៉ាន់ ដោយក្នុងនោះកោះ Sakishima និង Yonaguni ស្ថិតនៅចម្ងាយតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីដែនដីតៃវ៉ាន់។ ដូច្នេះហើយការឈ្លានពានណាមួយលើកោះតៃវ៉ាន់ អាចនឹងក្លាយជាគ្រោះថ្នាក់ធំដល់ជប៉ុន ទៅថ្ងៃក្រោយ។
ជប៉ុនជាជម្រកមូលដ្ឋានទ័ពអាមេរិក ក្នុងនោះរួមមានមូលដ្ឋានទ័ពកោះ Okinawa ដែលត្រូវបានគេសម្លឹងឃើញថា នឹងដើរតួយ៉ាងសំខាន់ ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើសការពារតៃវ៉ាន់ ក្នុងករណីដែលចិនបើកការវាយប្រហារ៕
ប្រភព៖ Reuters
មតិយោបល់