(សិង្ហបុរី)៖ មន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់ប្រចាំតំបន់អាស៊ី បាននិយាយថាសហរដ្ឋអាមេរិកមានការប្ដេជាចិត្តយ៉ាងរឹងមាំ ដើម្បីជួយឱ្យតៃវ៉ាន់អាចការពារខ្លួនឯងបាន នៅចំពោះមុខភាពតាងតឹង និងការគំរាមកំហែងពីចិន។
លោក Daniel Kritenbrink ជាឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្វើការកត់សម្គាល់បែបនេះនាឱកាសបំពេញទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃព្រហស្បតិ៍នេះ និងជាការឆ្លើយតបចំពោះសំណួរជុំវិញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជួយកោះតៃវ៉ាន់ ប្រសិនបើចិនបើកការវាយប្រហារ។ «ខណៈការគំរាមកំហែង និងការសម្លុតពីចិនកាន់តែកើនឡើង ខ្ញុំគិតថាយើងចាំបាច់ត្រូវឆ្លើយតបដោយមធ្យោបាយសមរម្យ នោះគឺផ្ដល់គាំទ្រលើសមត្ថភាពការពារខ្លួនឯង និងពាណិជ្ជកម្ម»។ នេះជាការគូសបញ្ជាក់របស់លោក Daniel។
ការលើកឡើងខាងលើរបស់លោក Daniel Kritenbrink កើតមានឡើងក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាននិយាយថាជប៉ុន និងអាមេរិក មិនអាច ឈរនៅស្ងៀមឡើយ បើចិនវាយប្រហារលើតៃវ៉ាន់៕
ប្រភព៖ Reuters
មតិយោបល់