ព័ត៌មានជាតិ

បញ្ហាបច្ចេកទេស បង្កឲ្យគ្រោះថ្នាក់! រថយន្តបោលបុករថភ្លើងទាំងកម្រោល

កំពតៈ ដោយសារភាពធ្វេសប្រហែសរបស់អ្នកបើកបររថយន្ត មិនបានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរ បានបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈដែលរថយន្តដឹកទឹកកកមួយគ្រឿង បានបោលទៅបំបុករថភ្លើងដឹកថ្មគ្រួសពេញទំហឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖០៥នាទី ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣១ ត្រង់ចំណុចភូមិព្រៃផ្ដៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

សមត្ថកិច្ចចុះអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបររថយន្តបង្កហេតុមានឈ្មោះ ឈូក ខាត់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើករថយន្តដឹកទឹកកករបស់ក្រុមហ៊ុនផលិតទឹកកកដើម និងអនាម័យ សញ្ញាខ្លាឃ្មុំទឹកកក (សាខាទី៤ ខេត្តកំពត)។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តដឹកទឹកកកបើកបរក្នុងទិសដៅចេញពីខេត្តកំពត ឆ្ពោះទៅខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ៣ ចំណែករថភ្លើងបើកក្នុងគន្លងរបស់រថភ្លើងដែលត្រូវឆ្លងកាត់ពីខេត្តកំពត ឆ្ពោះទៅស្ថានីយតានី ដើម្បីទម្លាក់ថ្ម ហើយក៏បានបុកគ្នាតែម្តង បណ្តាលឲ្យរថយន្តដឹកទឹកកករងការខូចខាតផ្នែកខាងមុខទាំងស្រុង ប៉ុន្តែសំណាងល្អគ្មានអ្នករងរបួស។

បើតាមការរៀបរាប់របស់អ្នកបើកបររថយន្តដឹកទឹកកក ឲ្យដឹងថា ខ្លួនបើករថយន្តដឹកទឹកកកចេញពីខេត្តកំពត ឆ្ពោះទៅខេត្តតាកែវ ដើម្បីដាក់ឲ្យម៉ូយរបស់ក្រុមហ៊ុន ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសាររថយន្តដឹកទឹកកកពេញធ្ងន់ផង គួបផ្សំនឹងហ្វ្រាំងរថយន្តជាន់មិនស៊ីទៀតនោះ ទើបបណ្ដាលឲ្យកើតមានគ្រោះថ្នាក់បែបនេះឡើង។ នេះគឺជាកំហុសលក្ខណៈបច្ចេកទេស ដែលមិនបានធ្វើការត្រួតពិនិត្យមុនពេលបើកបរ។

ក្រោយកើតហេតុ សមត្ថកិច្ចទាំងមន្ត្រីនគរបាល និងប៉េអឹម បានចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ ហើយនាំខ្លួនអ្នកបើកបរម្នាក់ និងអ្នករួមដំណើរពីរនាក់ទៀត ទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ដើម្បីធ្វើការសាកសួរបន្ថែម។ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខ(ក្បាល)ទាំងស្រុងតែម្ដង ហើយត្រូវសមត្ថកិច្ចអូសទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយពេលក្រោយ។

យ៉ាងណាមិញ ប្រជាពលរដ្ឋបានលើកឡើងថា នេះជាបញ្ហាចម្បងមួយដែលសមត្ថកិច្ចពាក់ព័ន្ធគួរធ្វើការរឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជាធ្វើការត្រួតពិនិត្យលើគ្រប់យានយន្ត ដែលជាមធ្យោបាយដឹកជញ្ជូនធុនធំនៅតាមគោលដៅដើមទី។ ដោយឡែក ចំពោះអ្នកបើកបរក៏ត្រូវតែធ្វើការត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន មុនពេលចេញដំណើរផងដែរ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។ ពលរដ្ឋលើកឡើងទៀតថា គ្រោះថ្នាក់លើកនេះ ត្រឹមខូចខាតរថយន្តដោយសារបានរថយន្តភ្លើង ចុះបើរថយន្តជាន់ហ្វ្រាំងមិនស៊ី ហើយបុករះអ្នកដំណើរវិញ តើនឹងក្លាយទៅជាសោកនាដកម្មប៉ុណ្ណា?៕

ឡានដឹកទឹកកកបុករថភ្លើង (1)ឡានដឹកទឹកកកបុករថភ្លើង (2)ឡានដឹកទឹកកកបុករថភ្លើង (3)ឡានដឹកទឹកកកបុករថភ្លើង (4)ឡានដឹកទឹកកកបុករថភ្លើង (5)ឡានដឹកទឹកកកបុករថភ្លើង (6)ឡានដឹកទឹកកកបុករថភ្លើង (7)ឡានដឹកទឹកកកបុករថភ្លើង (8)ឡានដឹកទឹកកកបុករថភ្លើង (9)ឡានដឹកទឹកកកបុករថភ្លើង (10)ឡានដឹកទឹកកកបុករថភ្លើង (11)ឡានដឹកទឹកកកបុករថភ្លើង (12)ឡានដឹកទឹកកកបុករថភ្លើង (13)ឡានដឹកទឹកកកបុករថភ្លើង (14)ឡានដឹកទឹកកកបុករថភ្លើង (15)ឡានដឹកទឹកកកបុករថភ្លើង (16)ឡានដឹកទឹកកកបុករថភ្លើង (17)ឡានដឹកទឹកកកបុករថភ្លើង (18)ឡានដឹកទឹកកកបុករថភ្លើង (19)ឡានដឹកទឹកកកបុករថភ្លើង (20)ឡានដឹកទឹកកកបុករថភ្លើង (22)

មតិយោបល់