(ដាម៉ាស់)៖ អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើកំពង់ផែ Latakia របស់ប្រទេសស៊ីរី នៅព្រឹកថ្ងៃអង្គារនេះ ហើយដែលនេះ ជាការវាយប្រហារដ៏កម្របំផុតដែលគោលដៅលើហេដ្ឋារចនាសំខាន់បែបនេះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA តាមរយៈការស្រង់សម្ដីពីមន្ត្រីយោធាស៊ីរីម្នាក់បានឱ្យដឹងទៀតថានៅម៉ោង ១៖២៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារនេះ កងទ័ពអ៊ីស្រាអែលដែលជាសត្រូវ បានបើកការវាយប្រហារតាមផ្លូវអាកាសដោយគ្រាប់មីស៊ីលជាច្រើន ហើយ ប្រព័ន្ធខែលមីស៊ីលរបស់យើង បានទប់ស្កាត់ និងឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានមួយនេះនៅឯទីក្រុងកំពង់ផែ Latakia។
ការវាយប្រហារនេះ បានបង្កការខូតខាតនៅតំបន់ស្តុកកុងតឺនឺ នៅកំពង់ផែ Latakia និងបានធ្វើឲ្យទូកុងតឺនឺមួយចំនួនត្រូវភ្លើងឆាបឆេះ ប៉ុន្តែមិនបានបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ ក្រោយមកកងកម្លាំងស៊ីរី បានធ្វើការពន្លត់អគ្គីភ័យនោះវិញដោយជោគជ័យ៕
ប្រភព៖ AFP
មតិយោបល់