ព័ត៌មានជាតិ

អូស្ត្រាលី ក្លាយជាប្រទេសទី២ ដែលប្រកាសធ្វើពហិការផ្នែកការទូត មិនចូលរួមក្នុងកីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង

(ស៉ីដនី)៖ អូស្ត្រាលី នឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការធ្វើពហិការផ្នែកការទូត មិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison។

ការប្រកាសរបស់លោក Scott Morrison នៅថ្ងៃពុធ ទី០៨ ខែធ្នូនេះគឺជាការសម្រេចចិត្តដ៏ប្រថុយប្រថានមួយ ចំពោះមុខទំនាក់ទំនងទ្វេភាគីជាមួយចិន ដែលមានភាពភាពតានតឹងនឹងគ្នាស្រាប់។ ទីក្រុងប៉េកាំង បានព្រមានរួចហើយថាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឆ្លើយតបទៅសហរដ្ឋអាមេរិក។

តែទោះជាបែបនេះក្ដី លោក Morrison បានបញ្ជាក់ថាអូស្ត្រាលី នឹងចូលរួមក្នុងការធ្វើពហិការផ្នែកការទូត មិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលចិនធ្វើជាម្ចាស់ផ្ទះ។ លោក Morrison បន្ថែមថា «មន្រ្តីរដ្ឋាភិបាលអូស្ត្រាលី មានឆន្ទៈក្នុងការធ្វើបែបនេះ ដូច្នេះយើងនឹងមិនទៅកាន់ប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទាំងនោះទេ ប៉ុន្តែអត្តពលិកអូស្ត្រាលីនឹងទៅចូលរួមប្រកួតជាធម្មតា»។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក និងអូស្រ្តាលី គឺធ្វើឡើងក្នុងហេតុផលស្រដៀងគ្នា នោះគឺមានពាក់ព័ន្ធនឹងរបាយការណ៍រំលោភសិទ្ធិមនុស្សក្នុង តំបន់ស៊ីនជាំង និងការឆ្លើយតបចំពោះជម្លោះផ្នែកពាណិជ្ជកម្ម ដែលអូស្ត្រាលីកំពុងទទួលរងការរាំងខ្ទប់ពីចិន៕

ប្រភព៖ Reuters

មតិយោបល់