ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានរដ្ឋវៀតណាមជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជា ក្រោយពីចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ភ្នំពេញៈ ដំណើរទស្សនកិច្ចដោយប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូរយៈពេល២ថ្ងៃនេះ បានជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជា ក្រោយពីចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដើម្បីបង្កើនភាពទំនាក់ទំនងឲ្យកាន់តែល្អប្រសើរ រវាងប្រទេសទាំងពីរ។

ក្រោយពីចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ប្រធានរដ្ឋវៀតណាមក៏បានចូលសម្ដែងការគួរសមជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀត។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៣និង០៥នាទីរសៀល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមជាមួយ លោកស្រី Nguyen Thi Hien ភរិយាលោកប្រធានាធិបតីនៃសាធារណរជ្ឋសង្គមនិយមវៀតណាម ធ្វើទស្សនកិច្ចនៅប្រាសាទព្រះកែវមរកត។

ដោយឡែកនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នេះផងដែរ នាវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបសវនាការជាមួយលោក ត្រាន់ ដាយក្វាង (TRAN DAI QUANG) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសជំនួបសវនាការនេះ ក្នុងនាមសមាជិកព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះលោកប្រធានរដ្ឋ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា និងអប​អរសាទចំពោះលោក ត្រាន់ ដាយក្វាង ដែលត្រូវបានរដ្ឋសភាវៀតណាម ជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់បំផុត និងចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ នាឱកាសនេះ ជាទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលនាំមកនូវគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ ក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។

ជាមួយគ្នានោះលោក ត្រាន់ ដាយក្វាង បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តែងសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចលើកដំបូង ក្នុងនាមជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនងមិត្តភាព ជាប្រពៃណី ជាអ្នកជិតខាងល្អរវាងប្រទេស និងប្រជាជនទាំងពីរ បានកើតឡើងជាយូរមកហើយ ហើយមរតកដ៏មានតម្លៃនេះមិនអាចកាត់ថ្លៃបានឡើយ។

លោក ត្រាន់ ដាយក្វាង បានបញ្ជាក់ថា បក្ស និងរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតែយកចិត្តទុកដាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងខិតខំធ្វើឲ្យទំនាក់ទំនងនេះកាន់តែរីកចម្រើនឡើង និងស៊ីជម្រៅថែមទៀត។

លោកបានជម្រាបជូនសម្តេចប្រធានថា សម្រាប់ឆ្នាំ២០១៧ គឺជាខួបគម្រប់៥០ឆ្នាំ នៃទំនាក់ទំនងការ​ទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកសង្ឃឹមថា ភាគី​វៀតណាម​និងកម្ពុជា នឹងសហការរៀបចំពិធីនេះ ដើម្បីបង្ហាញដល់ប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែយល់ដឹងអំពីសារសំខាន់ និងតម្លៃដ៏ខ្ពង់ខ្ពស់ នៃទំនាក់ទំនងដ៏ល្អប្រពៃនេះថែមទៀត។

ឆ្លៀតក្នុងឱកាសនេះលោកបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ។ សម្តេច សាយ ឈុំ បានឯកភាពចំពោះទំនាក់ទំនង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការដ៏ល្អ នៃប្រទេសទាំងពីរ ដែលមានតាំងពីយូលង់ណាស់មកហើយ។ ប្រជាជននៃប្រទេសទាំងពីរបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងនិងបានជួយគាំទ្រគ្នាទៅវិញទៅមក។ ប្រជាជនកម្ពុជា សូមថ្លែងអំណរគុណ និងដឹងគុណជានិច្ច ចំពោះបក្ស រដ្ឋ និងប្រជាជន​វៀតណាម ដែលបានជួយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ កម្ពុជាតែងតែចាត់ទុកគុណូបការនៃពលីកម្មរបស់ប្រជាជនវៀតណាម ដែលបានជួយរំដោះប្រជាជន ក្នុងបុព្វហេតុសង្រ្គោះរំដោះ និងសង្រ្គាមសង្រ្គោះជាតិកម្ពុជា គឺជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយ។

សម្តេចប្រធានបានថ្លែងអំណរគុណ ចំពោះការអញ្ជើញសម្តេចទៅពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយសម្តេចបានសន្យានឹងរកពេលវេលា សមស្របណាមួយ ដើម្បីឆ្លើយតបនឹងសេចក្តីអញ្ជើញនេះ។

សូមបញ្ជាក់ថា លោក ត្រាន់ ដាយក្វាង (TRAN DAI QUANG) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានមកបំពេញទស្សកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃគឺ ពីថ្ងៃទី១៥-១៦​មិថុនាឆ្នាំ២០១៦៕

មតិយោបល់