កាលពីចុងខែកុម្ភៈ ហ្វេសប៊ុកបានលុបគណនីមានពាក់ព័ន្ធនឹងពួកយោធាចោលអស់មួយសារហើយ ព្រមទាំងលុបការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនកាន់កាប់ដោយក្រុមយោធា ដើម្បីព្រមានរបបសឹកដែលបានប្រើអំណាចនិងកម្លាំងទៅសម្លាប់បាតុករដែលងើបប្រឆាំងនឹងការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសានស៊ូជី។ ថ្ងៃនេះ មេតា បានសម្រេចរឹតបន្តឹងសកម្មភាពខ្លួន ដោយលុបចោលនូវរាល់គ្រប់ទំព័រ គ្រប់ក្រុម និងគណនីទាំងឡាយណា ដែលជារបស់ក្រុមហ៊ុនសហគ្រាស គ្រប់គ្រងដោយពួកយោធា។ នៅក្នុងសេចក្តីថ្លែងការណ៍ ហ្វេសប៊ុកបានពន្យល់ថា ក្រុមហ៊ុនចេញសេចក្តីសម្រេចបែបនេះ ដោយផ្អែកទៅលើឯកសារដ៏ច្រើនសន្ធឹកសន្ធាប់របស់សហគមន៍អន្តរជាតិ ដែលបង្ហាញឱ្យឃើញអំពីតួនាទីផ្ទាល់របស់ក្រុមហ៊ុនសហគ្រាសទាំងនោះ ក្នុងការចិញ្ចឹមអំពើហិង្សានិងការរំលោភសិទ្ធិមនុស្សនៅភូមា នាពេលបច្ចុប្បន្ននេះ និងយករបាយការណ៍អង្កេតរបស់អង្គការសហប្រជាជាតិស្តីពីផលប្រយោជន៍សេដ្ឋកិច្ចរបស់យោធាភូមា មកធ្វើជាមូលដ្ឋាននៃការសម្រេចចិត្ត។
យោធាភូមា ទទួលប្រយោជន៍ពាណិជ្ជកម្មធំធេងខ្លាំងណាស់ ដោយគ្រប់គ្រងក្រុមហ៊ុនសហគ្រាសឧស្សាហកម្ម ស្ទើរគ្រប់ផ្នែក តាំងពី ក្រុមហ៊ុនស្រាបៀរ ថ្នាំជក់ ដឹកជញ្ជូន វាយណភណ្ឌ ទេសចរណ៍ និងហិរញ្ញវត្ថុ។ បើតាមសកម្មជននិងអ្នកការពារសិទ្ធិមនុស្ស ក្រុមហ៊ុនឧស្សាហកម្មទាំងអស់នេះ ជាប្រភពផ្តល់ហិរញ្ញវត្ថុឱ្យពួកយោធាមានកម្លាំងអាចចាត់វិធានការបង្ក្រាបនិងរំលោភអំណាច តាំងពី មុនព្រឹត្តការណ៍ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជី ថ្ងៃទី ១កុម្ភៈ ២០២១ទៅទៀត។
ឥលូវ មក ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Myawaddy Trading Ltd, Myawaddy Bank និងMyanma Beer ព្រមទាំងទំព័រភាពយន្តដែលជាក្រុមហ៊ុនរបស់កូនស្រីលោកមីងអ៊ុងឡាំង លែងដំណើរការតាំងពីព្រឹកថ្ងៃពុធទី ៨ ធ្នូនេះមក។ មិនដឹងថាតើហ្វេសប៊ុកត្រូវការពេលវេលាប៉ុន្មានថ្ងៃខែទើបអាចបិទទំព័រនិងគណនីរបស់ក្រុមហ៊ុនយោធាភូមាអស់ទេ។
មតិយោបល់