ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលបានឃើញដំរីខាវ៉ាន់ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោក មានសុខភាពល្អ មានអារម្មណ៍ស្ងប់និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀតហើយ។
ថ្លែងបញ្ជាក់កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឱ្យដឹងថា ក្រោយពេលបានមកពិនិត្យមើលដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលក្រសួងបរិស្ថានបានអនុញ្ញាតដល់អង្គការដែនជម្រក សត្វព្រៃកម្ពុជាចូលរួមការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃតំបន់នោះ។
ឯកឧត្តម នេត្រ ភក្ត្រា ដែលជា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមជាអធិបតីស្វាគមន៍សត្វដំរីខាវ៉ាន់ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅក្រោយរស់នៅក្នុងសួនសត្វនៃប្រទេសប៉ាគីស្ថានរាប់ឆ្នាំ។ បច្ចុប្បន្ននេះ ដំរីខាវ៉ាន់មានអាយុ ៣៦ ឆ្នាំហើយ និងបានរស់នៅលើជម្រកថ្មីរបស់ខ្លួនក្នុងប្រទេសកម្ពុជា រយៈពេលមួយឆ្នាំមកហើយ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ដោយលាន់មាត់ថា រយៈពេលមួយឆ្នាំដែល ដំរីខាវ៉ាន់រស់នៅក្នុងជម្រកថ្មីដែលកម្ពុជា បានផ្តល់ឱ្យ មានភាពប្លែកខុសពីមកដំបូង ក្នុងនោះ ដំរីខាវ៉ាន់បានប្រែប្រួលពណ៌សម្បុរ ដូចជាដំរីរស់ក្នុងធម្មជាតិវិញ មានឃើញដុះរោមថ្មីនៅលើខ្នង ក្រចកលែងសូវរេចរឹល និងមានឃើញលូត លាស់គល់ក្រចក មានដុះភ្លុករាងវែងបន្តិច រាងកាយមានភាពមាំមួនជាងមុនធាត់ដូចមុន និងរូប រាងមានការប្រែប្រួល។ ឯកឧត្តមបានបន្ថែមទៀតថា ចរិតរបស់ដំរីខាវ៉ាន់មានការប្រែប្រួលខ្លាំងគឺមានភាពស្ងៀមស្ងាត់ និងស៊ាំនឹងមនុស្ស មិនតប់ប្រមល់ និងគួរឱ្យស្រឡាញ់។ ពេលវាស៊ីចំណី ស៊ីដោយរីករាយ និង យកចំណីពីដៃមនុស្សដោយមនោសញ្ចេតនា។ «ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការ វិវឌ្ឍសុខភាព អត្តចរិតដ៏ល្អរបស់ដំរីខាវ៉ាន់នេះ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួង បរិស្ថាន នេត្រ ភក្ត្រា ដោយលោកបានថ្លែងអំណរគុណដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជា ជាពិសេសលោកឧកញ៉ា សុខ ហុង ដែល បានជួយជ្រោមជ្រែងខ្នះខ្នែងជួយសង្គ្រោះសត្វដំរីនេះជាមួយតារាចម្រៀងដ៏ល្បីរបស់អាម៉េរិកលោកស្រី CHER និងបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសជាមួយក្រសួងបរិស្ថានដើម្បីផ្តល់ជម្រកថ្មីដល់សត្វដំរីដ៏ឯកោលើលោកមួយក្បាលនេះ។
គួររំឭកថា ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងពិធីទទួលដំរីខាវ៉ាន់នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប។ ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។
ប្រភព៖ ឯកឧត្តម នេត្រ ភក្រ្តា
មតិយោបល់