(Reuters) - ក្រុមសកម្មប្រយុទ្ធតាលីបង់ក្នុងប្រទេសប៉ាគីស្ថានបានប្រកាសបញ្ចប់បទឈប់បាញ់ដែលមានរយៈពេលមួយខែ ដែលបទឈប់បាញ់នោះត្រូវបានធ្វើឡើងដោយមានការ គាំទ្រពីក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន និងបានចោទប្រកាន់រដ្ឋាភិបាលពីបទបំពានលក្ខខណ្ឌ រួមទាំងកិច្ចព្រមព្រៀងដោះលែងអ្នកទោស និងការបង្កើតគណៈកម្មាធិការសម្រាប់ការចរចា។
ក្រុមតាលីបង់នៅប៉ាគីស្ថាន ឬក្រុម Tehreek-e-Taliban Pakistan (TTP) គឺជាចលនាដាច់ដោយឡែកពីក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន និងបានប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្នុងទីក្រុង Islamabad និងដើម្បីគ្រប់គ្រងតំបន់នោះដោយប្រើប្រាស់ច្បាប់អ៊ីស្លាម Sharia ដែលពួកគេបង្កើតឡើង។
បទឈប់បាញ់ដែលធ្វើឡើងកាលពីខែមុន ត្រូវបានដាក់ឲ្យដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍ ជាមួយនឹងលទ្ធភាពដែលអាចបន្ត ប្រសិនបើភាគីទាំងពីរយល់ព្រម ដែលនេះគឺជា ការខិតខំប្រឹងប្រែងចុងក្រោយបង្អស់ក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
កាលពីខែសីហា ក្រុមតាលីបង់អាហ្វហ្គានីស្ថានបានធ្វើឲ្យមានការភ្ញាក់ផ្អល់ដោយផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិច ដែលជាកក្តាជំរុញដល់កិច្ចចរចា ប៉ុន្តែក្រុម Tehreek-e-Taliban Pakistan (TTP) បានចោទប្រកាន់ទីក្រុង Islamabad ថា មិនបានគោរពកិច្ចព្រមព្រៀងនៃបទឈប់បាញ់។
ក្រុមនោះបាននិយាយថា រដ្ឋាភិបាលមិនបានដោះលែងអ្នកទោសជាង ១០០នាក់ ដូចការសន្យាឡើយ និងក៏មិនបានចាត់តាំងក្រុមចរចាដើម្បីស្វែងរកដំណោះស្រាយដែរ។ ហើយក៏បាននិយាយផងដែរថា កងកម្លាំងសន្តិសុខបានធ្វើការវាយឆ្មក់ ខណៈពេលដែលបទឈប់បាញ់នៅមានប្រសិទ្ធភាព ៕
មតិយោបល់