(ញូយ៉ក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer បានឱ្យដឹងថាថ្នាំគ្រាប់ព្យាបាល COVID-19 របស់ខ្លួនមានប្រសិទ្ធភាពជិត ៩០ភាគរយ ក្នុងការកាត់បន្ថយហានិភ័យ ត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់ លើអ្នកជំងឺដែលមានហានិភ័យខ្ពស់។
នៅក្នុងការវិភាគទិន្នន័យចុងក្រោយនៃការធ្វើតេស្ដលើថ្នាំគ្រាប់ព្យាបាល COVID-19 ដែលមានឈ្មោះសម្គាល់ថា «Paxlovid» ចេញផ្សាយនៅថ្ងៃអង្គាសប្ដាហ៍នេះ បាបញ្ជាក់ថា ថ្នាំ Paxlovid មានប្រសិទ្ធភាព ៨៩ភាគរយ កាត់បន្ថយហានិភ័យត្រូវដេកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ឬក៏ស្លាប់ នៅពេលប្រៀបធៀបជាមួយថ្នាំសាកល្បង នៅក្នុងការធ្វើតេស្ដ។ មិនតែប៉ុណ្ណោះថ្នាំគ្រាប់នេះក៏មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ផងដែរ។
ការបញ្ជាក់ពីប្រសិទ្ធភាពនៃថ្នាំគ្រាប់ Paxlovid ធ្វើឡើងដោយផ្អែកលើទិន្នន័យបឋមនៃការធ្វើតេស្ដលើអ្នកស្ម័គ្រចិត្តចូលរួមជាង ១,២០០នាក់ និងការវិភាគ ទិន្នន័យចុងក្រោយ ដែលមានអ្នកស្ម័គ្រចិត្តចូលរួមបន្ថែម ១,០០០នាក់។ បើតាមក្រុមហ៊ុន Pfizer មិនមាននរណាម្នាក់ស្លាប់នៅក្នុងការធ្វើតេស្ដថ្នាំ Paxlovid នោះទេ៕
ប្រភព៖ Reuters
មតិយោបល់