ព័ត៌មានជាតិ

លោកម៉ាក្រុង ​ធ្វើ​ដំណើរ​ទៅកាន់ ម៉ូស៊ូល​ និងតំបន់​គួកឌីស្ថានអ៊ីរ៉ាក់ដែលជាមូលដ្ឋានធំរបស់​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម

លោកម៉ាក្រុង បានធ្វើដំណើរជាលើកទីមួយ ទៅកាន់ទីក្រុងម៉ូស៊ូល អតីតដែនជំរកធំ របស់​ក្រុមជីហាត​​​អង្គការ​រដ្ឋអ៊ីស្លាម។ នេះគឺជាដំណើរជានិម្មិតរូប ដើម្បីបញ្ជាក់ពីការប្រឹងប្រែង និងការសន្យារបស់បារាំង ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងក្រុមចលនាភេរវកម្ម ដ៏ខ្មៅងងឹតនេះ។ លោក​ម៉ាក្រុង បានអះអាងប្រាប់ទៅភាគីអ៊ីរ៉ាក់ថា « មិនថាអាមេរិកសម្រេចចិត្តយ៉ាងណាទៅថ្ងៃមុខទេ តែសម្រាប់បារាំង គឺបារាំងនឹងបន្តជួយ​អ៊ីរ៉ាក់ នៅក្នុងប្រតិបត្តិការ​ បោសសំអាតក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ព្រោះថាបារាំងមានសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការ​»។

នៅម៉ូស៊ូល លោក​ម៉ាក្រុងបានចុះទៅពិនិត្យ​ដល់ទីតាំង សម្បតិ្តបេតិកភណ្ឌជាច្រើនកន្លែង​ ដែលអង្គការយូណេស្កូ កំពុងមានគម្រោងជួសជុល និងសាងសង់ឡើងវិញឲ្យដូចដើម។ ក្នុងនោះមានដូចជា វិហារអ៊ីស្លាម​ស៊ូនីត Al-Nouri ព្រមទាំងវិហារកាតូលិក Notre-Dame de l’Heure ដែលសុទ្ធតែ​ជា​សម្បតិ្តបេតិកភណ្ឌ ចំណាស់រាប់រយឆ្នាំ ហើយ​ដែលត្រូវបាន​​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម ​វាយ​កម្ទេច។

អង្គការ យូណេស្កូ មានគម្រោងសាងសង់​សម្បត្តិបេតិកភណ្ឌ​ទាំងនេះឡើងវិញ ដោយចំណាយ​ប្រាក់​ប្រមាណ​៥០លានដុល្លារ ឧបត្ថម្ភដោយ​អេមៀរ៉ាត់អារ៉ាប់រួម។ គំរោង « ធ្វើឲ្យ​ម៉ូស៊ូលរស់ឡើងវិញ » នេះ នឹងសាងសង់ឡើងវិញផងដែរ នូវផ្ទះបុរាណ​ រចនាបទអូតូម៉ង់ ក្រោមការ​ឧបត្ថម្ភរបស់សហភាពអឺរ៉ុប ក្នុងទឹកប្រាក់ប្រមាណ​៤០លានអឺរ៉ូ។

ដោយឡែក បារាំងនឹងឧបត្ថម្ភដល់ការសាងសង់ សាលារៀនភាសាបារាំងបែបសាសនាគ្រឹស្ត នៅក្នុងតំបន់នេះ។ លោក​ម៉ាក្រុងបានបញ្ជាក់ថា បារាំងនឹងប្រឹងប្រែងគាំទ្រ ជួយ​សហគមន៍អ្នកកាន់សាសនាគ្រឹស្តនៅតំបន់ក្រុងម៉ូស៊ូល។ លោក​បន្ថែមថា « អ៊ីរ៉ាក់នឹងគ្មានលំនឹង គ្មានតុល្យភាពទេ ប្រសិនណាបើ​គ្មានការគោរព​សហគមន៍សាសនា និងជនជាតិភាគតិច ឲ្យ​បានស្មើភាពគ្នា »។

ចេញពីម៉ូស៊ូល លោក​ម៉ាក្រុង​បានបន្តដំណើរតាមរថយន្តពាសដែក ទៅកាន់ទីក្រុងអ៊ែរប៊ីល ដែល​ជាទីក្រុងធំនៃតំបន់ស្វយ័តគួកឌីស្ថានអ៊ីរ៉ាក់ ដើម្បី​​ជួប​ប្រជុំជាមួយលោក Netchirvan Barzani អភិបាល​តំបន់ស្វយ័តនេះ​។ នេះគឺជាដំណើរជានិម្មិតរូបមួយទៀត របស់​ប្រធានាធិបតីបារាំង ដើម្បីតបស្នងអរគុណ ចំពោះ​ប្រជាជនគួកអ៊ីរ៉ាក់ ដែលបានដើរតួនាទីយ៉ាងសកម្ម​ នៅសមរភូមិជួរមុខ ក្នុងការប្រយុទ្ធ ជាមួយ​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម៕

មតិយោបល់