ព័ត៌មានជាតិ

អាល្លឺម៉ង់ តម្រូវឱ្យអ្នកដំណើរមកពីចក្រភពអង់គ្លេស ធ្វើចត្តាឡីស័ក ដោយសារបារម្ភពី Omicron

(ប៊ែរឡាំង)៖ អាល្លឺម៉ង់ នឹងតម្រូវឱ្យអ្នកដំណើរមកពីចក្រភពអង់គ្លេស ធ្វើចត្តាឡីស័ក និងមានលិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19 នៅពេលដែល ចូលមកដល់ប្រទេសរបស់ខ្លួន។

វិធានការខាងលើនឹងត្រូវអនុវត្តចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះតទៅ។ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់បានជំរុញកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ឱ្យដាក់ចេញវិធានការរឹតត្បិតឡើងវិញលើអ្នកដំណើរមកពីចក្រភពអង់គ្លេស ជាទីដែល វីរុសបំប្លែងថ្មី Omicron កំពុងធ្វើឱ្យករណីឆ្លង COVID-19 ប្រចាំថ្ងៃស្ទុះងើបជាថ្មី។

នៅអាល្លឺម៉ង់វិញ ករណីឆ្លង COVID-19 ប្រចាំថ្ងៃបានកើនឡើងគួរឱ្យកត់សម្គាល់ពីខែតុលា ដល់ខែវិច្ឆិកា ប៉ុន្តែ បានថយចុះមកវិញបន្តិចនៅក្នុងខែធ្នូនេះ ដោយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ អាល្លឺម៉ង់មានអ្នកឆ្លងប្រចាំថ្ងៃ ៥០,៩៦៨នាក់៕

ប្រភព៖ Reuters

មតិយោបល់