ព័ត៌មានជាតិ

Update៖ ករណីចោរប្លន់បាញ់២ គ្រាប់ទៅលើអ្នកបើកបរដឹកស្រាបៀរ នៅខេត្តកំពង់ឆ្នាំងពេលនេះ

កំពង់ឆ្នាំង: នៅវេលាម៉ោងប្រមាណជិត៥ ល្ងាចថ្ងៃ១១ ខែ០១ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ហួសព្រៃពីស ជិតនឹងទៅដល់ផ្សារសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង មានករណីចោរប្លន់បាញ់២គ្រាប់តម្រង់ជើង ប៉ុនប៉ងប្លន់យកកាបូបលុយពីអ្នកបើកបររថយន្តដឹកស្រាបៀរ ប៉ុន្តែមិនបានសម្រេច ។

លោក គុយ ចាន់ថា ដែលជាម្ចាស់ដេប៉ូស្រាបៀរ បានបញ្ជាក់ឲ្យដឹងថា នៅល្ងាចថ្ងៃនេះអ្នកបើកឡានរបស់គាត់ដែលដឹកស្រាបៀរ ទៅចែកចាយនៅដេប៉ូតាមផ្លូវសាលាលេខប្រាំ គឺពិតជាបានរងនូវការបាញ់គំរាមពីខ្មាន់កាំភ្លើង ដើម្បីទាមទារយកកាបូបលុយពិតប្រាកដមែន ប៉ុន្តែមិនបានបណ្ដាលឲ្យរបួសឬក៏បាត់បង់ជីវិតនោះឡើយ។

លោកបានបញ្ជាក់ទៀតថាអ្នកបើកឡានដឹកស្រាបៀរ មានឈ្មោះ រឿន រស់នៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ដែលបានបម្រើការងារដឹកស្រាបៀរនេះជាយូរឆ្នាំមកហើយ។ ក្នុងពេលដឹកស្រាបៀរទៅចែកចាយនៅតំបន់នោះគឺមានគ្នា ៤ នាក់ ពេលរថយន្តចត ៣នាក់ នៅខាងក្រោយ ដើម្បីលើកស្រាបៀរដាក់ឲ្យម្ចាស់ផ្ទះ ចំណែកឯអ្នកបើកបរ ដែលមានស្ពាយកាបូបលុយគឺនៅខាងមុខ ខណ:នោះគឺខ្មាន់កាំភ្លើងបានបើកម៉ូតូមួយគ្រឿងជិះតែម្នាក់ឯង សំដៅមកអ្នកបើកបរតែម្ដងហើយបានសម្លុតឲ្យប្រគល់កាបូបលុយ ប៉ុន្តែអ្នកបើកបរមិនប្រគល់ឲ្យ អ្នកបើកបរឃើញស្ថានភាពមិនល្អ បានរត់សំដៅចូលក្នុងផ្ទះពូរបស់គេ ដែលជាអ្នកលក់ស្រាបៀរស្រាប់ ទើបខ្មាន់កាំភ្លើងទាញកាំភ្លើងហើយបាញ់សំដៅអ្នកបើកបរតែម្ដង ជាសំណាងមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ។ឮស្នូរកាំភ្លើងទើបកម្មករ ៣នាក់ ដែលខាងក្រោយមានការភ្ញាក់ផ្អើលឆោឡោ ទាំងម្ចាស់ផ្ទះនិងអ្នកធ្វើដំណើរតាមដងផ្លូវ។

ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធក្នុងរឿងនេះ យើងបានធ្វើការទំនាក់ទំនងទៅកាន់លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ ទូរស័ព្ទចូលតែមិនលើក។

បន្ទាប់មកសមត្ថកិច្ចទទួលដំណឹងនេះក៏មកដល់ទីតាំងនោះភ្លាមផងដែរ សមត្ថកិច្ចកំពុងតែដុតដៃដុតជើង សៀបអង្កេត និងប្រមូលនូវភស្តុតាង៕

 

មតិយោបល់