ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ផលិត​កែ​ច្នៃ​ លក់​ចែកចាយ​ផលិតផល​សំអាងការ​និង​ឱសថ​ សង្ស័យ​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​នៅ​ខណ្ឌមានជ័យ​

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ផលិត​ កែ​ច្នៃ​ លក់​ចែកចាយ​ផលិតផល​សំអាង​កាយ​និង​ឱសថ​សង្ស័យ​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដោយ​បាន​រក​ឃើញ​និង​ដក​វត្ថុ​តាង​គ្រឿងផ្សំ​ផលិត​ និង​ឱសថ​ជា​ច្រើន​ដែល​សង្ស័យ​ក្លែងក្លាយ​មាន​ហានិភ័យ​បង្ក​ឱ្យ​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។​

​ករណី​ទី​១-​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២១​ កម្លាំង​គណ:កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ អាជ្ញាធរ​មូលដ្ឋាន​ ដែល​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ ទី​ មុនិន្ទ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ផ្ទះ​លេខ​៣៩​ ភូមិ​ក្បាល​ទំនប់​ សង្កាត់​បឹង​ទំពន់​២​ ខណ្ឌមានជ័យ​ ដែល​ទីតាំង​នេះ​សង្ស័យ​ផលិត​ កែ​ច្នៃ​ លក់​ចែកចាយ​ ផលិតផល​ថែរក្សា​សម្រស់​គ្មាន​ស្តង់ដារ​ និង​ខុសច្បាប់​ ។​

​ក្នុង​ប្រ​តិ​ប​តិ្ត​ការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​និង​ដកហូត​វត្ថុ​តាង​សរុប​ចំនួន​២៣​មុខ​ច្រក​ក្នុង​កំប៉ុង​រួម​មាន​ ៖​ ពន្លៃ​សូន្យ​ទឹកឃ្មុំ​,​ រមៀត​សូន្យ​ទឹកឃ្មុំ​,​ ពន្លៃ​រមៀត​,​ស្ក្រា​ប់​កាហ្វេ​,​ ស្ក្រា​ប់​អំពិល​,​ ស្ក្រា​ប់​ពន្លៃ​រមៀត​ទឹកដោះគោ​,​ គល់​ស្លឹក​ក្រី​ស្ងួត​,​ ផ្លែ​ក្រូចសើច​ចិត​ហើយ​,​ ស្ទីក​គ័​រ​ និង​ឧបករណ៍​សម្ភារ:​មួយ​ចំនួន​បម្រើ​ឱ្យ​ការ​ផលិត​ កែ​ច្នៃ​ ផលិតផល​ថែរក្សា​សម្រស់​ ខុសច្បាប់​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ផង​ដែរ​ កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​យក​ផលិតផល​ទាំងនេះ​ទៅ​ពិសោធន៍​ និង​អញ្ជើញ​ម្ចាស់​ដែល​ពាក់ព័ន្ធ​ចំនួន​០២​នាក់​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​លេខាធិការដ្ឋាន​នៃ​គណ:កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។​ ដោយឡែក​ទីតាំង​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​បិទ​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ការ​អនុវត្ត​បន្ត​ ។​

​ករណី​ទី​២- ​នៅ​សៀ​ល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២១​ មន្ត្រី​សុខាភិបាល​នៃ​នាយកដ្ឋាន​ឱសថ​ ចំណីអាហារ​ បរិក្ខារ​ពេទ្យ​និង​គ្រឿងសំអាង​ នៃ​ក្រសួងសុខាភិបាល​ សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ ឆាយ​ ហុង​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​យីហោ​ក្រុមហ៊ុន​ស៊ី​ អូ​ ប៊ី​ ជី​ វើ​ល​ដ៍​ ស្ថិត​នៅផ្ទះ​លេខ​១០​ បុរី​ ហុង​ ឡាយ​ ភូមិ​ទ្រា​៣​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ ដែល​បាន​កំពុង​លក់​ចែកចាយ​ ឱសថ​គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល​ និង​សង្ស័យ​ឱសថ​ក្លែងក្លាយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ ។​

​ក្នុង​នោះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​គ្រាប់​ម្សៅ​ទ្រី​ហ្វា​ឡា​ចំនួន​៣៦​កំប៉ុង​ រួម​នឹង​ឯកសារ​ សម្ភារ:​មួយ​ចំនួន​ផង​ដែរ​ ។​ ទីតាំង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បិទ​បណ្តោះអាសន្ន​ និង​អញ្ជើញ​អ្នក​ពាក់ព័ន្ធ​០១​នាក់​ដែល​ជា​ម្ចាស់​ទីតាំង​ ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​ឱសថ​ ចំណីអាហារ​ បរិក្ខា​ពេទ្យ​និង​គ្រឿងសំអាង​ នៃ​ក្រសួងសុខាភិបាល​ ដើម្បី​រង់ចាំ​អនុវត្ត​តាម​នីតិវិធី​ ៕

 

មតិយោបល់