ព័ត៌មានជាតិ

ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា បង្ខំឱ្យមនុស្សកាន់តែច្រើន រត់ចូលទៅក្នុងទឹកដីថៃ

(បាងកក)៖ យោធាមីយ៉ាន់ម៉ា បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាច្រើន នៅលើមូលដ្ឋានគ្រប់គ្រងដោយក្រុមឧទ្ទាម នៅក្បែរព្រំដែនថៃ ជាហេតុបង្ខំឱ្យមនុស្ស រាប់រយនាក់ភៀសខ្លួនចូលទៅក្នុងទឹកដីថៃ។ នេះបើតាមការបញ្ជាក់របស់ក្រុមឧទ្ទាមមីយ៉ាន់ម៉ា។

សម្ពន្ធជាតិការ៉ែន (KNU) ដែលជាកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចក្នុងរដ្ឋ ការ៉ែន (Karen) បានបញ្ជាក់ទៀតថាយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាម ផ្លូវអាកាស យ៉ាងហោច២លើ និងបានបាញ់កាំភ្លើងធំលើតំបន់មួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅក្បែរតំបន់ព្រំដែនរវាងមីយ៉ាន់ម៉ា និងថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើអត្ថាប្បាយអ្វីនៅឡើយទេ។

ការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំង KNU បានផ្ទុះឡើងកាលពីសប្ដាហ៍មុនមកម្ល៉េះ ខណ:ក្រសួងការបរទេសថៃឱ្យដឹងថាមនុស្សច្រើនជាង ៤,២០០នាក់ រត់ភៀសខ្លួនចូលទៅក្នុងទឹកដីថៃ ចាប់តាំងពីមានជម្លោះនៅមីយ៉ាន់ម៉ា នៅក្រោយព្រឹត្តិការណ៍រដ្ឋប្រហារកាលពីខែកុម្ភ: ឆ្នាំ២០២១មក។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល មីយ៉ាន់ម៉ា បានឱ្យដឹងថាប្រជាជនមីយ៉ាន់ម៉ាដែលរត់គេចចេញពីជម្លោះមានរហូតដល់ទៅជាង ១០,០០០នាក់ឯណោះ៕

ប្រភព៖ Reuters

មតិយោបល់