ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បើកលឿនរេចង្កូត ឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូរួចកិនពីលើ បណ្តាលឲ្យ នារីម្នាក់បាត់បង់ជីវិតភ្លាមៗ

ភ្នំពេញ ÷ នារីម្នាក់បានបាត់បង់ជីវិត ភ្លាមៗ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តកុងតឺន័រ បើកលឿនរេចង្កូតឡើងលើសួន ឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុ.កម៉ូតូចំពីមុខ ពេញទំហឹងរួចកិ.នពីលើ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើង កាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ ថ្ងៃសៅរ៍ទី ២៥ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពនារីខាងលើ នៅពុំទាន់ស្គាល់ អត្ថសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញម៉ូតូ២គ្រឿង ជិះស្របទិសគ្នា មួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ 1P-4870 ជិះដោយបុរសម្នាក់ ចំណែកឯម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា zoomer x ពណ៌ប្រផេះពាក់ផ្លាកលេខ កណ្តាល 1AB-7324 ជិះដោយនារីម្នាក់ដូចគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនមធ្យម មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក កុងតឺន័រ ក្បាលពណ៌សំបកឪឡឹកលាយឆ្នូតលឿង ពាក់ផ្លាកលេខភ្នំពេញ 2C-2670 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងសួន ឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុ.កចំពីមុខម៉ូតូពេញទំហឹង រួចកិ.នពីលើបណ្តាលឲ្យនាទីម្នាក់ ជិះម៉ូតូ zoomer x បានស្លា.ប់ ចំណែកឯបុរស ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ បានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯតៃកុងរថយន្តបង្ក បានរត់គេចពី កន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ២គ្រឿង ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕

 

 

មតិយោបល់