នៅថ្ងៃសោរ៍ទី២៥ធ្នូ រូបថតជាច្រើនសន្លឹក ត្រូវបានគេបង្ហោះតៗគ្នា នៅតាមបណ្តាញសង្គមនៅភូមា ដែលគេឃើញរថយន្តដឹកអ្នកដំណើរ ចំនួនយ៉ាងហោច៣គ្រឿង បានឆេះសល់តែគ្រោងឆ្អឹងដែក។ ហេតុការណ៍បានកើតឡើង នៅស្រុក Hpruso រដ្ឋកាយ៉ាហ (Kayah) ជារដ្ឋភាគខាងកើតភូមា ជាប់ព្រំដែនខេត្តមែហុងសន ប្រទេសថៃ។
ក្រុមប្រដាប់អាវុដឈ្មោះ កម្លាំងការពារប្រជាជន (PDF) ដែលជាក្រុមប្រឆាំងរបបសិកភូមា នៅក្នុងរដ្ឋកាយ៉ាហនេះ បានអះអាងថា សមាជិកខ្លួន បានប្រទះឃើញរថយន្តឆេះទាំងនេះ នៅព្រឹកថ្ងៃសៅរ៍ទី២៥ធ្នូ ដោយក្នុងរថយន្តទាំងនោះ គេបានឃើញលលាដ៍ក្បាលមនុស្ស យ៉ាចហោច២៧នាក់។ ដោយសារតែសាកសពឆេះខ្លោចខ្លាំងពេក ធ្វើឲ្យគេមិនអាចដឹងចំនួន ថាមានសាកសពមនុស្ស ប៉ុន្មាននោះទេ។
ដោយឡែក ផ្អែកតាមប្រភពពីអង្គការ Myanmar Witness បានឲ្យដឹងថា គឺមានមនុស្សចំនួន៣៥នាក់ បានស្លាប់ នៅក្នុងហេតុការណ៍នេះ ដោយក្នុងនោះ មានទាំងស្ត្រីនិងកុមារផងដែរ។ អង្គការនេះ បានអះអាងថា គឺក្រុមកងទ័ពជាតិភូមា ដែលបានធ្វើសកម្មភាពព្រៃផ្សៃនេះ កាលពីថ្ងៃទី២៤ធ្នូ។
អ្នកយកព័ត៌មានបារាំងAFP ប្រចាំនៅភូមាបានទទួលការបំភ្លឺ ពីលោក Zaw Min Tun អ្នកនាំពាក្យរបបសិកភូមា ដោយលោកម្នាក់នេះ បានបញ្ជាក់ថា ពិតជាមានករណីផ្ទុះអាវុធមែន នៅចំណុចស្រុក Hpruso ក្នុងរដ្ឋកាយ៉ាហ កាលពីថ្ងៃសុក្រទី២៤ធ្នូ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា ការផ្ទុះអាវុធនេះ បានកើតឡើងបន្ទាប់ពីកម្លាំងកងទ័ពភូមា បានព្យាយាមឃាត់រថយន្តដឹកអ្នកដំណើរ ដែលគួរឲ្យសង្ស័យ។ ដោយមិនលំអិតឲ្យបានច្បាស់ អ្នកនាំពាក្យរូបនេះ លើកឡើងថា កងទ័ពបានបាញ់និងបណ្តាលឲ្យស្លាប់មនុស្សមួយចំនួន ក្នុងហេតុការណ៍នេះ។
គួរបញ្ជាក់ថា ភូមាបានធ្លាក់ទៅក្នុងភាពវឹកវរនយោបាយ និងអន្តិសុខជាខ្លាំង បន្ទាប់ពីកងទ័ព បានធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១កុម្ភៈ ឆ្នាំ២០២១។ ក្រុមឧទ្ទាមជនជាតិភាគតិច និងក្រុមប្រដាប់អាវុធជាច្រើនក្រុម បានប្រកាសប្តេជ្ញាតតាំង ជាមួយនឹងការវិលត្រលប់មកវិញ នៃរបបសិកផ្តាច់ការ។ យោងតាមអង្គការសមាគមជួយអ្នកទោសនយោបាយភូមា (AAPP) គិតមកត្រឹមពេលនេះ មានប្រជាជនស្លូតត្រង់ប្រមាណ១៣០០នាក់ហើយ ដែលបានស្លាប់ ដោយការបង្ក្រាបបាតុកម្ម និងករណីផ្ទុះអាវុធផ្សេងៗ៕


មតិយោបល់