ភ្នំពេញៈ យុវជនម្នាក់ត្រូវបានកម្លាំងនរគបាលនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជាក់ស្តែងរួមជាមួយម៉ូតូនិងវត្ថុតាងប្រព្រឹត្តបទល្មើសកាច់សោរករម៉ូតូ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនខាងលើនេះមានឈ្មោះ កែវ សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវមុនីរ៉េត ដែលដឹកនាំដោយលោក តី សុវណ្ណារ៉េត អធិការរងនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ខណៈនោះក៏ប្រទះឃើញជនសង្ស័យមានការសង្ស័យ ទើបសមត្ថកិច្ចឃាត់ឲ្យឈប់ដើម្បីធ្វើការឆែកឆេរ ក៏រកឃើញវត្តុតាងប្រព្រឹត្តបទល្មើសនៅក្នុងហោប៉ាវអាវរបស់ជនសង្ស័យ បូករួមទាំងម៉ូតូគ្មានស្លាកលេខមួកកញ្ចក់ ទើបធ្វើការឃាត់ខ្លួនប្រគល់ជូនមន្ត្រីជំនាញធ្វើការសាកសួរតែម្តង ។
យោងតាមការសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនបានខ្ចីម៉ូតូ ម៉ាកMSX ពណ៌ស គ្មានស្លាកលេខ កញ្ចក់ រួមទាំងគ្មានមួកសុវត្ថិភាព ជិះពីកើតទៅលិច ដោយចេញពីម្តុំផ្សារធំថ្មីទៅវត្តស្ទឹងមានជ័យ ក្នុងបំណងទៅទិញទឹកក្រឡុកនិងពងទាកូន លុះបានមកដល់ចំណុចត្រួតពិនត្យ និងអនុវត្តច្បាប់ចរាចរណ៍ ត្រូវបានកម្លាំងឆែកឆេរឃើញវត្ថុតាងសម្រាប់កាច់សោរម៉ូតូ នៅក្នុងហោប៉ាវអាវ និងបានឃាត់ខ្លួនភ្លាមៗតែម្តង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនរគបាល ឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕
មតិយោបល់