ជីវិតគូ ដែលស្ថិតស្ថេរ កក់ក្តៅ ពោរពេញទៅដោយសេចក្តីស្រឡាញ់ និងការយល់ចិត្តគ្នា គឺជាប្រភពកម្លាំងកាយ និងកម្លាំង ចិត្តដ៏សំខាន់ ឱ្យយើងអាចនៅរស់បាន យ៉ាងមានសេចក្តីសុខ ដោយគោលការណ៍ងាយៗ ៥យ៉ាង គឺ លើកតម្កើង, យល់ព្រម, បន្ធូរបន្ថយ, ចែកឱ្យដាច់ និងតស៊ូ។
បច្ចុប្បន្នក្នុងសភាវបរិស្ថាន ដែលការរស់នៅកំពុងលំបាកលំបិន ខ្លាំងជាងកាលពីអតីតនោះ ក្រុមគ្រួសារដែលរឹងមាំស្ថិតស្ថេរ ពេញហៀរហូរដោយសេចក្តីស្រឡាញ់ ការយល់ចិត្តគ្នា ប្រៀបដូចជាកំណប់ថាមពលថែចិញ្ចឹម និងសាងកម្លាំងចិត្ត ឱ្យយើងអាចតស៊ូរស់នៅបាន យ៉ាងមានសេចក្តីសុខ និងមានសេចក្តីសង្ឃឹម ដើម្បីអនាគត។ ក្នុងការបង្កើនសម្ព័ន្ធភាពរបស់ជីវិតគូ នាយុគសម័យថ្មីនេះ គោលការណ៍៥យ៉ាង គឺជាគោលការណ៍ដំបូងគេ របស់គ្រួសារ ដើម្បីសុភមង្គលរហូតតទៅ។
១- លើកតម្កើង
សម្រាប់គូជីវិត ការលើកតម្កើង និងផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមក មានភាពសំខាន់ខ្លាំងជាងគេបំផុត ការចេះលើក តម្កើងគូជីវិត លើមូលដ្ឋានគ្រឹះនៃការពិតទាំងនៅនឹងមុខ និងក្រោយខ្នង នឹងធ្វើឱ្យអាចរស់នៅជាមួយគ្នាបានយ៉ាងរលូន គ្មានបញ្ហា។ ទោះជាមិនដឹងថា តើត្រូវប្រើវាចា និយាយលើកតម្កើងយ៉ាងណាក៏ដោយ តែដំបូងបំផុត គឺមិនត្រូវនាំយករឿងរបស់ស្វាមី ឬភរិយា ទៅ និយាយលេងយ៉ាងសប្បាយមាត់នោះទេ ព្រោះបើអ្នកណាបានឮ គេនឹងយល់ថា ស្វាមីភរិយា ១គូនេះមិនចេះផ្តល់កិត្តិយស ដល់គ្នាទៅវិញទៅមកឡើយ។
២- យល់ព្រម
ចេះយល់ព្រម អ៊ឺអើ តាមចិត្តស្វាមី (ឬភរិយា) ខ្លះផង ព្រោះមនុស្ស ២នាក់ មកពីកន្លែងខុសគ្នា ហើយមករស់នៅជាមួយគ្នាច្បាស់ជាមានពេលណាមួយ ឬជាច្រើនដង ដែលមានការយល់ឃើញ មិនស៊ីចង្វាក់គ្នា ក្នុងខណៈដែលការរស់នៅជាមួយគ្នានេះ មានច្រើនរឿងណាស់ ដែលទាំង ២នាក់ត្រូវសម្រេចចិត្តរួមគ្នា តែបើម្នាក់ៗប្រកាន់យកតែហេតុផល របស់ខ្លួនឯងជាធំ គ្មាននរណាចុះចាញ់នរណា គិតតែពីយកឈ្នះឱ្យបាននោះ ជីវិតគូបែបនេះ ប្រហែលជានៅជាមួយគ្នា មិនបានយូរឡើយ។
៣- បន្ធូរបន្ថយ
ក្នុងការរស់នៅ ជាគូនឹងគ្នា រឹតតែនៅជាមួយគ្នាយូរ រឹតតែស្គាល់ចិត្តគ្នាច្បាស់ឡើង និងមានរឿងរ៉ាវផ្សេងៗ ឆ្លងចូលមកក្នុងជីវិត គ្នាទៅវិញទៅមក កាន់តែច្រើនឡើងដែរ។ ពេលរស់នៅជាមួយគ្នាថ្មីៗ អ្វីៗក៏ល្មមអាចទ្រាំបានដែរ តែពេលនៅជាមួយគ្នាយូរទៅ អ្វីដែល ធ្លាប់ទ្រាំបាន ក៏ចាប់ផ្តើមទ្រាំលែងបាន ទទូលយកលែងបានព្រោះតែជួបនឹងរឿងដដែលៗ តែការពិតវិញ ជីវិតគូ រឹតតែនៅជាមួយ គ្នា យូរ រឹតតែត្រូវមានការចេះបន្ធូរបន្ថយឱ្យគ្នាទៅវិញទៅមកច្រើនជាង។ ស្រឡាញ់គ្នាដំបូងៗ ត្រូវតែចេះសម្របសម្រួល ចុះសម្រុង និងបន្ធូរបន្ថយឱ្យគ្នាផង។
៤- ចែកឱ្យដាច់
ការរស់នៅ ទាំងនៅក្នុងផ្នែកដែលជាជីវិតផ្ទាល់ខ្លួន និងជីវិតគូនេះ តែងតែមានរឿងរ៉ាវផ្សេងៗចូលមកលាយឡំ រហូតញែកមិន ដាច់។ បើជារឿងតូចតាច អ៊ីចេះអ៊ីចុះលាយឡំគ្នានោះ ក៏ល្មមអាចនឹងមើលរំលងបាន តែ រឿងខ្លះ ជារឿងដែលមិនអាចលាយឡំចូលគ្នាបានឡើយ ដូចជា រឿងការងារ និងរឿងផ្ទាល់ខ្លួនជាដើម។ អ្នកខ្លះមួម៉ៅ ពីកន្លែងធ្វើការ ត្រឡប់មកដល់ផ្ទះ ក៏មួម៉ៅរាលដាលដាក់ភរិយា (ឬស្វាមី) នៅផ្ទះ ឬ មានបញ្ហានៅផ្ទះ ហើយទៅឡូឡាដាក់មិត្ត័ក្តិរួមការងារ ឬកូនចៅនៅកន្លែងធ្វើការ អាចបណ្ដាលឱ្យកើតបញ្ហាធំឡើងបានទាំងនៅផ្ទះ និងកន្លែងធ្វើការ។ ភរិយាខ្លះ ទូរស័ព្ទតាមដានស្វាមីពេញ ១ថ្ងៃ ជាការរុកគួនរំខានសមាធិ ក្នុងការធ្វើការងារ ខ្លាំងជាងការធ្វើឱ្យស្វាមីរំភើបចិត្តគិតថា ភរិយាស្រឡាញ់ និងបារម្ភពីខ្លួន រហូតដល់ទ្រាំលែងបាន អាចដល់ថ្នាក់ចែកផ្លូវគ្នាដើរ ក៏មានដែរ។
៥- តស៊ូ
មិនថាកើតមានបញ្ហាអ្វីក៏ដោយ កម្លាំងចិត្ត គឺជារឿងសំខាន់បំផុត ក្តីប្រាថ្នាក្នុងការមានសេចក្តីសុខស្រស់ស្រាយ រហូត ពេញ ១ ជីវិតអាពាហ៍ពិពាហ៍នោះ ត្រូវតែមានចិត្តអំណត់អត់ធន់ តស៊ូជាមួយគ្នា…ចង់សុខ ចង់ទុក្ខ ក៏ត្រូវតែរួមគ្នាពុះពារ អ្នកណាអស់សង្ឃឹមរួញ រា ឬដួលរលំ ក៏ត្រូវតែជួយទាញគ្នា ជួយលើកគ្នា ឱ្យក្រោកឈរឡើងជាថ្មី យ៉ាងស្ថិតស្ថេររឹងមាំឱ្យបាន។
ព្រោះសម្ព័ន្ធភាពដ៏អស្ចារ្យ អាចសាងបានតាមរយៈសេចក្តីស្រឡាញ់ ក្តីយល់ចិត្ត និងទុកចិត្តគ្នាទៅវិញទៅមក ទើបស្នេហា នោះ នៅស្ថិតស្ថេរយូរអង្វែងបាន៕
មតិយោបល់