ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ឆ្លងកូវីដ-១៩

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឆ្លង COVID-19 ដោយមានរោគសញ្ញាស្រាល និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ។ នេះបើ តាមការបញ្ជាក់ពីក្រសួងការពារជាតិអាមេរិក។

ក្រសួងការពារជាតិអាមេរិក តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់លោក Lloyd Austin ផ្ទាល់បានឱ្យដឹងដូច្នេះថា «ខ្ញុំបានជូនដំណឹងពីការធ្វើតេស្តវិជ្ជមាន របស់ខ្ញុំ ទៅកាន់ថ្នាក់ដឹកនាំ ក៏ដូចជាលោកប្រធានាធិបតីរួចរាល់ហើយ។ បុគ្គលិករបស់ខ្ញុំ បានចាប់ផ្តើមទទួលការធ្វើតេស្ត ហើយអ្នកដែលធ្លាប់មានទំនាក់ទំនង ឬប៉ះពាល់ជាមួយខ្ញុំ ក្នុងពេលមួយសប្តាហ៍ចុងក្រោយនេះ ក៏ត្រូវបានណែនាំឲ្យធ្វើតេស្តដូចគ្នាផងដែរ»។ បើតាមលោក Austin លោកបានជួបជាមួយ
លោក បៃដិន ចុងក្រោយបំផុតកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ តែលោក បៃដិន បានទទួលការធ្វើតេស្ដចេញលទ្ធផលអវិជ្ជមាន។

លោក Austin ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូស និងដូសជំរុញ ក៏បានបញ្ជាក់ផងដែរថាលោកមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ ហើយ លោកអាចនឹងចូលរួមកិច្ចតាមរយៈប្រព័ន្ធវីដេអូជាបណ្ដោះអាសន្នសិន៕

ប្រភព៖ CNN

មតិយោបល់