ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចេញរបាយការណ៍ ពីលទ្ធផលប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខុសច្បាប់ ពាក់ព័ន្ធផលិតផលវេជ្ជសាស្ត្រ ក្លែងក្លាយ អន់គុណភាព គ្មានស្តង់ដារ និងខុសច្បាប់ ក្នុងដំណាក់កាលសំខាន់ ក្នុងឆ្នាំ២០២១។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភាជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលបានណែនាំ ឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ធ្វើការបង្រ្កាបផលិតផល ឧបករណ៍ សម្ភារៈ បរិក្ខាពេទ្យ សម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលខុសច្បាប់ និងតាមការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២១នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ព្រមទាំងសម្រេចបាននូវលទ្ធផលជាច្រើន លើការងារប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខុសច្បាប់ ពាក់ព័ន្ធផលិតផលវេជ្ជសាស្ត្រ ក្លែងក្លាយ អន់គុណភាព គ្មានស្តង់ដារ និងខុសច្បាប់ ក្នុងដំណាក់កាលសំខាន់នេះ ជាពិសេស គណៈកម្មាធិការ បានធ្វើប្រតិបត្តិការបង្ក្រាបផលិតផល ឧបករណ៍ និងសម្ភារៈបរិក្ខារពេទ្យសម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្លែងក្លាយ អន់គុណភាព គ្មានស្តង់ដារ និងខុសច្បាប់បានចំនួន ២៧ករណី ស្មើនឹងចំនួនជាង ៧២តោន (បានរឹបអូសបំផ្លាញចោលលើកទី០១ ចំនួនជាង ៧០តោន) ដែលក្នុងនោះរួមមានដូចជា៖
១. បរិក្ខារពេទ្យក្លែងក្លាយ (អាល់កុល និងម៉ាស់)
២. ផលិតផលវេជ្ជសាស្ត្រ
៣. ស្រោមដៃក្លែងក្លាយ
៤. ឧបករណ៍តេសកូវីដ
៥. ឱសថកូវីដ និង
៦. គ្រឿងបរិក្ខាពេទ្យជាច្រើនទៀត
ទាំងអស់នេះ គឺជាកិច្ចខិតខំប្រឹងប្រែងព្យាយាមដ៏សំខាន់របស់ គ.ប.ផ.ក. រួមចំណែកក្នុងយុទ្ធនាការរបស់ជាតិ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏សូមអំពាវនាវដល់ ពាណិជ្ជករ អាជីវករ និងបងប្អូនទាំងអស់ សូមមេត្តាលក់ និងចែកចាយផលិតផលណា ដែលមានគុណភាព និងមានចុះបញ្ជីការត្រឹមត្រូវពីក្រសួងស្ថាប័នពាក់ព័ន្ធ ៕
មតិយោបល់