ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជំរុញការងារបង្កើតគ្រុបតេឡេក្រាម (Telegram) សម្រាប់ប្រជាពលរដ្ឋរាយការណ៍រឿងចរាចរណ៍

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សាជាមួយ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីជំរុញការងារបង្កើតគ្រុបតេឡេក្រាម (Telegram) ឱ្យមានលក្ខណៈអាចដំណើរការដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋរាយការណ៍រឿងចរាចរណ៍។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានណែនាំឱ្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតប្រព័ន្ធតេឡេក្រាមជូនសាធារណជន ប្រើប្រាស់ដោយសេរី ក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ក្នុងកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងារទាក់ទងនឹងកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញលើបណ្ណបើកបរ របាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី និងវឌ្ឍនភាពមណ្ឌលផ្តល់សេវាសាធារណៈ ពង្រាងបណ្ដាញផែនទីផ្លូវថ្នល់ និងការងារត្រៀមរៀបចំសន្និបាតក្រសួង កាលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ក្រសួង កំពុងពិភាក្សាជាមួយ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីជំរុញយន្តការ នៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាមនេះ ឱ្យមានលក្ខណៈអាចដំណើរការបានដោយនិរន្តរភាព និងមានភាពចាស់ទុំ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់។

ឯកឧត្តមបន្ដថា ក្រសួងក៏កំពុងពិនិត្យលទ្ធភាពផងដែរ ក្នុងការដាក់បញ្ចូលកម្មវិធី (App) និង យន្តការបច្ចេកវិទ្យាស្វ័យប្រវត្តិមួយចំនួន ដើម្បីធ្វើឱ្យការគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យសម្រាប់មន្ត្រី និងនគរបាលពាក់ព័ន្ធកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងមានទិន្នន័យសម្រាប់បង្កើតជាផែនការយុទ្ធសាស្ត្រ។

ទាក់ទងនឹងការបង្កើតប្រព័ន្ធតេឡេក្រាម ជូនសាធារណជន ប្រើប្រាស់ដោយសេរី ក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ក្រសួង កំពុងពិភាក្សាជាមួយអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីជំរុញយន្តការនៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាមនេះឱ្យមានលក្ខណៈអាចដំណើរការបានដោយនិរន្តរ ភាព និងមានភាពចាស់ទុំ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់។ ជាងនេះទៀត ក្រសួងក៏កំពុងពិនិត្យលទ្ធភាពផងដែរក្នុងការដាក់បញ្ចូលកម្មវិធី (App) និងយន្តការបច្ចេកវិទ្យាស្វ័យប្រវត្តិមួយចំនួន ដើម្បីធ្វើឱ្យការគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យសម្រាប់មន្ត្រី និង នគរបាលពាក់ព័ន្ធកាន់តែមានភាពងាយស្រួលលើការ គ្រប់គ្រង និងមានទិន្នន័យសម្រាប់បង្កើតជាផែនការយុទ្ធសាស្ត្រ ៕

មតិយោបល់