ព័ត៌មានជាតិ

ជប៉ុន និងអូស្ត្រាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងយោធា ចំពោះមុខការកើនឡើងឥទ្ធិពលចិន

(តូក្យូ)៖ ជប៉ុន និងអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវិស័យយោធា ដែលនេះត្រូវបានគេ មើលឃើញថាជាការត្រួសត្រាយផ្លូវបន្ថែមក្នុងការពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ ទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។

ការចុះហត្ថលេខាលើធ្វើឡើងនៅជំនួបតាមប្រព័ន្ធអនឡាញរវាងនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison នៅថ្ងៃព្រហស្បតិ៍។ កិច្ចព្រមព្រៀងនេះ បានស្ថិតក្រោមការរៀបចំ អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។

កិច្ចព្រមព្រៀងដែលហៅកាត់ថា RAA នឹងអនុញ្ញាតឱ្យយោធាជប៉ុន និងអូស្រ្តាលី ធ្វើការងារជាមួយគ្នាលើកិច្ចសហប្រតិបត្តិការការពារជាតិ ក៏ដូចជាប្រតិបត្តិការ មនុស្សធម៌ ខណៈកិច្ចព្រមព្រៀងការពារជាតិផ្សេងទៀតរបស់ជប៉ុន គឺមានតែជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ ដែលអនុញ្ញាតឱ្យអាមេរិកអាចដាក់ពង្រាយនាវាចម្បាំង យន្តហោះចម្បាំង និងកងទ័ពរាប់ពាន់នាក់នៅលើទឹកដីជប៉ុន។

ជប៉ុន និងអូស្រ្តាលី ក៏ជាភាគីនៅក្នុងសម្ពន្ធភាពសន្តិសុខហៅថា ក្វាដ (Quad) ផងដែរ ដែលត្រូវបានបង្កើតឡើង ចំពោះមុខក្តីបារម្ភរបស់ពួកគេអំពី ការកើនឡើងនៃឥទ្ធិពលរបស់ចិន៕

ប្រភព៖​​​​​​ Reuters

មតិយោបល់