ព័ត៌មានជាតិ

WHO ថាអូមីក្រុងមិនបង្កជំងឺធ្ងន់, តែក៏មិនមែនជាប្រភេទជំងឺស្រាល

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង (Omicron) ប្រហែលជាមិនអាចបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ ខ្លាំងជាងមេរោគបំប្លែងថ្មី Delta ទេ តែវាក៏មិនគួរត្រូវបានចាត់ទុកជាជំងឺស្រាលនោះដែរ។

នៅក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍ ប្រធានគ្រប់គ្រងផ្នែកគ្លីនិកនៃអង្គការ WHO លោកស្រី Janet Diaz បានឱ្យដឹងថា ធៀបទៅនឹង Delta ដូចគ្នា Omicron ក៏មិនសូវមានភាពកាចសាហាវ ឬធ្វើឱ្យ មនុស្សធ្លាក់ខ្លួនធ្ងន់ធ្ងរនោះដែរ ទាំងនៅក្នុងចំណោមមនុស្សវ័យក្មេង និងមនុស្សចាស់។
តែនេះមិនមែនមានន័យថា Omicron គួរត្រូវបានចាត់ទុកជា ប្រភេទជំងឺស្រាលឡើយ។

លោកស្រីអះអាងបែបនេះដោយផ្អែកលើការសិក្សាបឋមដែលបង្ហាញថា Omicron ដែលត្រូវបានគេកំណត់អត្តសញ្ញាមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃវិច្ឆិកា ឆ្នាំ២០២១ មានហានិភ័យទាប ក្នុងការបង្កឱ្យអ្នកជំងឺត្រូវសម្រាក ព្យាបាលនៅឯមន្ទីរពេទ្យ បើធៀបទៅនឹងមេរោគបំប្លែងថ្មី Delta។

តែទោះជាបែបនេះក្ដី មិនទាន់មានទិន្នន័យជាក់លាក់ ថាតើមនុស្សមានវ័យចំណាស់អាចប្រឈមមុខនឹងគ្រោះថ្នាក់បង្កឡើង Omicron ខ្លាំងដល់កម្រិត ណានោះទេ ខណៈបច្ចុប្បន្នការសិក្សាភាគច្រើនធ្វើឡើងតែនៅលើក្រុមមនុស្សវ័យក្មេង៕

ប្រភព៖​​​​​​ AFP

មតិយោបល់