ព័ត៌មានជាតិ

ពិធីការិនីល្បី កែវ ចាន់និមល ស្រាប់តែបង្ហើបពីជីវិតប្តីប្រពន្ធ ក្រោយរួមរស់ជាមួយគ្នាយូរឆ្នាំ

(ភ្នំពេញ)៖ នៅថ្ងៃគម្រប់១២ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ខ្លួន ពិធីការិនីដ៏មានប្រជាប្រិយ កែវ ចាន់និមល បានទទួលស្គាល់ ថា ជីវិតជាប្តីប្រពន្ធរបស់នាង ក៏មិនខុសពីគ្រួសារផ្សេងទៀតឡើយ ពោលគឺប្រៀបបានចាននៅក្នុងរាវ ក្រោយការចាប់ដៃគ្នារហូតមកដល់ពេលនេះ។

អ្នកនាង កែវ ចាន់និមល បញ្ជាក់ថា «អ្នកណាថា ប្តីប្រពន្ធពេលនៅជាមួយគ្នាកាន់តែយូរចិត្តគំនិតដូចគ្នា និងកាន់តែស្និតគ្នា? រឿងពិតគឺដូចចានក្នុងរាវ ដូចអណ្តាត និងធ្មេញ កាន់តែចង់មានបាន គឺកាន់តែឆ្ងាយពីគ្នា តែយើងឈ្លោះប្រកែកគ្នាដោយសារតែចង់កែលម្អរគ្នា»។ កែវ ចាន់និមល បន្តទៀតថា អ្នកទាំងពីរមិនសូវមានពេលស្និតស្នាលផ្អែមល្ហែម ក៏ដោយសារតែពួកគេគិតពីអនាគតគ្រួសារ។ ទោះបីជាយ៉ាងណា ពិធីការិនីរូបនេះបានឆ្លៀតយកគម្រប់ខួប១២ឆ្នាំនៃការចាប់ដៃគ្នាជាប្ដីប្រពន្ធ ដើម្បីសម្ដែងការអរគុណចំពោះស្វាមីដែលយល់ចិត្ត និងមិនដែលធ្វើឲ្យនាងស្គាល់រសជាតិពាក្យថា «ប្រច័ណ្ឌ» ម្ដងណាឡើយ។

ទោះបីជាសំណេរនាពេលនេះបញ្ជាក់ថា គ្មានភាពផ្អែមល្ហែម ឬពេលវេលាសម្រាប់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែជាការ កត់សម្គាល់ កែវ ចាន់និមល មិនត្រឹមតែជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈនោះទេ តែនាងគឺជាតារាស្រីមួយរូប ដែលតែងតែបង្ហាញពីភាពជោគជ័យ ផ្អែមល្ហែម និងបានចែករំលែកពីដំណើរជីវិតប្ដីប្រពន្ធរបស់នាងជារឿយៗលើបណ្ដាញសង្គម។ ជាពិសេសតែងលើកសរសើរស្វាមីរបស់នាងដែលជាបុរសមានទំនួលខុសត្រូវខ្ពស់ធ្វើឲ្យរូបនាង និងកូនអាចរស់នៅក្នុងជីវភាពយ៉ាងល្អទៀតផង។

មតិយោបល់