ព័ត៌មានជាតិ

ចិន និងរុស្ស៊ី ខ្ទប់សំណើដាក់ទណ្ឌកម្មកូរ៉េខាងជើងរបស់សហរដ្ឋអាមេរិក

(ញូយ៉ក)៖ចិន និងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជំទាស់នឹងសំណើរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៥នាក់ ជាការឆ្លើយតបទៅនឹងការធ្វើតេស្តមីស៊ីលកាលពីពេលថ្មីៗនេះ ពីសំណាក់ទីក្រុងព្យុងយ៉ាង។

ការបង្ហាញជំហរជំទាស់របស់ចិន និងរុស្ស៊ី ធ្វើឡើងនៅមុនកិច្ចប្រជុំបិទទ្វារមួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្ដីពីកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក។

កាលពីសប្ដាហ៍មុន បន្ទាប់ពីដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៥នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលកូរ៉េខាងជើង សហរដ្ឋអាមេរិកបានចាប់ ផ្ដើមធ្វើយុទ្ធនាការនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបន្ថែមទណ្ឌកម្មរបស់ UN លើមនុស្សទាំង៥នាក់នេះដូចគ្នា។

បើតាមក្រសួងហិរញ្ញវត្ថុអាមេរិក ជនជាតិកូរ៉េខាងជើងម្នាក់ដែលត្រូវបានបញ្ជូលក្នុងបញ្ជីទណ្ឌកម្ម មានឈ្មោះថា Choe Myong Hyon កំពុងរស់នៅក្នុង ប្រទេសរុស្ស៊ី និងបានផ្តល់ជំនួយនានាទៅកាន់បណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិ (SANS) របស់កូរ៉េខាងជើងដែលកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្ម ស្រាប់។

ចំណែកឯ ជនជាតិកូរ៉េខាងជើង ៤នាក់ទៀត ដែលជាតំណាងរបស់អង្គការ សម្ព័ន្ធជាមួយនឹងស្ថាប័ន SANS នៅកូរ៉េខាងជើង ដែលសព្វថ្ងៃកំពុងស្នាក់នៅ ប្រទេសចិន ក៏ត្រូវបានសហរដ្ឋអាមេរិកបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួនផងដែរ ក្នុងនោះមានឈ្មោះដូចជា Sim Kwang Sok, Kim Song Hun, Kang Chol Hak និង Pyon Kwang Chol៕

ប្រភព៖​​​​​​ Reuters

មតិយោបល់