(ហ្សឺណែវ)៖ មន្ត្រីការទូតកំពូលអាមេរិក និងរុស្ស៊ី មិនទាន់អាចរកច្រកចេញបាននៅឡើយទេ នៅឯជំនួបពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនកាលពី
ថ្ងៃសុក្រ សប្ដាហ៍នេះ ប៉ុន្តែបានព្រមព្រៀងគ្នាថានឹងបន្តកិច្ចពិភាក្សា ដើម្បីព្យាយាមដោះស្រាយភាពតានតឹងសព្វថ្ងៃ ដែលកំពុងបង្កឱ្យមានការបារម្ភ ពីលទ្ធភាពផ្ទុះសង្រ្គាម។
នៅក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក្នុងទីក្រុងហ្សឺណែវ, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានថាអាមេរិកនឹងចាត់វិធានការឆ្លើយយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែនមែននោះ ខណៈកងទ័ព រុស្ស៊ីជិតមួយសែននាក់ត្រូវបានដាក់ពង្រាយជាស្រេចនៅក្បែរតំបនព្រំដែនអ៊ុយក្រែន។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានបញ្ជាក់ជំហរថានឹងមិនប្រើប្រាស់យោធា ឬបញ្ជូនកងទ័ពទៅកាន់ប្រទេស អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនោះទេ ក្រៅតែពីត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថាកំពុងត្រៀមឈ្លានពានអ៊ុយក្រែន តែទីក្រុងម៉ូស្គូបានច្រានចោលការចោទ ប្រកានបែបនេះដោយអះអាងថាខ្លួននឹងធ្វើសកម្មភាពការពារខ្លួន ប្រសិនបើមានការបង្ករឿងពីអ៊ុយក្រែន ឬ NATO។ ត្រង់ចំណុចនេះឯងដែលគេ បារម្ភថាតើរុស្ស៊ី មើលឃើញ ឬចាត់ទុកសកម្មភាពបែបនេះ ទើបហៅថាជា «ការបង្ករឿង»។
រុស្ស៊ីកន្លងមកបានទាមទារការធានាសន្តិសុខពីអាមេរិក ក្នុងនោះរួមមានទាំងកុំទទួលយកអ៊ុយក្រែនជាសមាជិក NATO និងបញ្ឈប់ការដាក់ ពង្រាយកងទ័ព ឬសព្វាវុធមកកាន់តំបន់អឺរ៉ុបខាងកើត តែសំណើទាំងនេះមិនទាន់ទទួលការឆ្លើយតបពីអាមេរិកនៅឡើយទេ៕
ប្រភព៖ Reuters
មតិយោបល់