ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ចាក់សម្លាប់ប្រពន្ធខ្លួនឯង បណ្តាលឱ្យស្លាប់ភ្លាមៗ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ស្រីម្នាក់ត្រូវបានប្តីរបស់ខ្លួនយកកាំបិតចុងស្រួចចាក់ចំដើមទ្រូងខាងឆ្វេងបណ្តាលឱ្យស្លាប់ៗនៅនឹងកន្លែង បង្កឱ្យមានភ្ញាក់ផ្អើលនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចហាងយីហោអាណាចក្រម្ហូបខែ្មរ(ហៅរាត្រីអាន់ឆ័រ) ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ករណីនេះសង្ស័យបណ្តាលមកពីភ្លើងប្រច័ណ្ឌ។

យោងតាមការឱ្យដឹងពីអ្នកដែលឃើញហេតុការណ៍នោះ លោក ទឹម ចម្រើន ភេទប្រុសអាយុ២៩ឆ្នាំ ត្រូវជាបងបង្កើតជនរងគ្រោះ បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ទឹម ស្រីនី អាយុ ២២ឆ្នាំ រស់នៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ។ នារីរងគ្រោះមានមុខរបរជាចុងភៅក្នុងហាងខាងលើ រីឯជនសង្ស័យជាប្តីមានឈ្មោះ ប៉ោង ធឿន អាយុ ២៨ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ធ្វើការក្នុងហាងជាមួយគ្នា។

លោក ទឹម ចម្រើន បានបញ្ជាក់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ១និង០០នាទី រំលងអាធ្រាត ជនរងគ្រោះ និងជនសង្ស័យបានឈ្លោះប្រកែកគ្នានៅក្នុងផ្ទះបាយ ពេលនោះខ្លួនដែលត្រូវជាបងបានហាមមិនឱ្យឈ្លោះប្រកែកគ្នាទេ ហើយក៏បានដេញអ្នកទាំងពីរឱ្យបែកគ្នាទៅដេករៀងៗខ្លួន។ តែនៅម៉ោង ៤និង៤២នាទីទៀបភ្លឺ ជនសង្ស័យជាប្តីបានកាន់កូនកាំបិតដើរចូលទៅក្នុងបន្ទប់ប្រពន្ធ ហើយបានចាក់ទៅលើជនរងគ្រោះជាប្រពន្ធចំនួនបីកាំបិត ត្រូវចំក្រោមដោះខាងឆ្វេងមួយកាំបិត ត្រូវចំចុងដង្ហើមមួយកាំបិត និងត្រូវចំពោះពីខាងស្ដាំមួយកាំបិតបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សូមបញ្ជាក់ផងដែរថា ក្រោយធ្វើសកម្មភាព សមត្ថកិច្ចមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តីបានភ្លាមៗរួចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់