ព័ត៌មានជាតិ

ចំណុចល្អ ៤យ៉ាង នៃការឧស្សាហ៍ឱបកូន

គ្រួសារជាច្រើន (ជាពិសេសគ្រួសារខ្មែរកាត់ចិន) ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មី ចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើង ក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ…។

 

១. ឱបកូនតាំងពីវិនាទីដំបូង ដែលគេបើកភ្នែកមើលពិភពលោក

ចាប់តាំងពីកូនតូច ប្រសូតចេញមក បើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរដ៏ធំធេង រវាងពិភពដែលគេរស់នៅមក ៩ខែ (នៅក្នុងផ្ទៃម្ដាយ) ជាមួយនឹងពិភពខាងក្រៅ ដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយ ជាហេតុផលដែលថា ហេតុអីបានជាទារកកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញ នៅពេលបានទទួលភាពកក់ក្ដៅ និងការឱប បី ព អំពីអ្នកម្ដាយនោះ…។

ការឱបកូន និងប៉ះពាល់កូន តាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូន គឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅ សប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើង បន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ខណៈពេលប្រសូតចេញមក។

២. ការឱបកូន ក្នុងអំឡុងអាយុ ៦ខែដំបូង

ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័ន្ធភាពរវាងកូន ជាមួយឪពុកម្ដាយ នឹងចាប់ផ្ដើមវេញត្បាញចូលគ្នាកាន់តែច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មី ជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះ គឺជារឿងដែលកើតឡើងតាមធម្មជាតិ។ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អ តាំងពីពេលកើតមកដំបូងហើយ វានឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូន នៅពេលដែលគេធំឡើង។

ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ ដែលល្អជាមួយអ្នកម្ដាយ តាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេ នឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាម រហូតដល់អាយុ ៦ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ ១ថ្ងៃច្រើនៗដង តាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះ ចេញពីដើមទ្រូងរបស់អ្នក បើអ្នកបាននិយាយ និងប៉ះពាល់ខ្លួនប្រាណគេផង វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូន នឹងកាន់តែចងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូន កាន់តែល្អខ្លាំងឡើងទៀតផង។

៣. ការឱបកូន ក្នុងអំឡុងវ័យ ៧ខែ រហូតដល់ ១ខួបកន្លះ

ក្នុងអំឡុងពេលដែលកូនអាយុ ៧ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេ នឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាង ដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង។ រឹតតែដល់វ័យ ដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពរីកចម្រើនទៅមុខ របស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើង ក្លាយជាកុមារ ដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ក្លាយជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អអស្ចារ្យ។

ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេង ដែលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃ ដែលមិនមែនជាឪពុកម្ដាយ ច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

៤. ការឱបកូន ក្រោយអាយុ ១ឆ្នាំកន្លះ – ៣ឆ្នាំ

បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់ តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមក អ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះ នឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាព ដែលល្អអំពីឪពុកម្ដាយផងនោះ ទើបធ្វើឱ្យគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួន ខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើង ព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេង ដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេង ដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

នៅពេលកូន មានអាយុ ៣ឆ្នាំឡើងទៅ

ក្រោយពី ៣ឆ្នាំឡើងទៅ ពិភពរបស់គេ នឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗ ដែលចេញមកពីគ្រួសារផ្សេងៗគ្នា មកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានសម្ដែងចេញ ខណៈដែលក្មេងខ្លះទៀត នឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗ យើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿង ដែលពិបាក។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់ នៅពេលត្រូវឪពុកម្ដាយឱប…តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយ នៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង ៣ឆ្នាំដំបូងមកនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើង ក្លាយជាក្មេង ដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ (នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងមួយដែលពិបាកធ្វើ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់…។

 

ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូននៅថ្ងៃនេះ តើមិនទាន់យឺតពេលទេ ឬយ៉ាងណា?

យ៉ាងណាៗ ការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះ គេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន ចូរនិយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូន យ៉ាងណាៗ ក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និងបើទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗ ក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើ ឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន។

 

 

មតិយោបល់