ភ្នំពេញ៖ មន្ដ្រីក្រសួងពាណិជ្ជកម្ម បានរឹបអូសមឹកប្រមាណ ៦៨គីឡូក្រាមពីឈ្មួញលក់ដូរនៅតាមបណ្តោយផ្លូវត្រឡោកបែក បន្ទាប់ពីពិនិត្យមើលឃើញថា គ្រឿងសមុទ្រទាំងនេះ មានផ្ទុកសារធាតុគីមីហាមឃាត់ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបរិភោគ។
លោក ហេង មាលី ប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានថ្លែងថា មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្រ្តីមូលដ្ឋានបានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ផលិតផលប្រើប្រាស់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ លក់ដូរគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវត្រឡោកបែក និងអូរបែកក្អម ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។
លោក បានឲ្យដឹងថា៖ «ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានស្រង់យកគំរូបានចំនួន ៤៨ មកវិភាគនៅរថយន្តពិសោធន៍។ ជាលទ្ធផលបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ចំនួន ៣គំរូ ជាប្រភេទមឹកបកធំ ត្រូវបានដកហូតចំនួន ៦៨គីឡូក្រាម និងទំនិញខូចគុណភាពហួសកាលបរិច្ឆេទចំនួន ៩គីឡូក្រាមជាមួយវិធានពិន័យអន្តរការណ៍»។
មន្ត្រីកាំកុងត្រូលរូបនេះ បានបញ្ជាក់ថា មន្ត្រីកាំកុងត្រូលគ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្តជាប្រចាំការត្រួតពិនិត្យផលិតផល និងទំនិញតាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែងលក់ទំនិញនៅតាមទីសាធារណៈនានា ដោយអនុវត្តតាមតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធនឹងគុណភាពសុវត្ថិភាពទំនិញ និងសេវាកម្ម និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ជាដើម។
យ៉ាងណាក៏ដោយ លោក ហេង មាលី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំគុណភាព សុវត្ថិភាព ទំនិញ និងសេវាកម្មជាដើមនោះ៕
មតិយោបល់