ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស បុរសជនជាតិប៊ែលហ្ស៊ិកម្នាក់ ដាក់គុក១ជីវិត រឿងដឹកគ្រឿងញៀនជាង១គីឡូចូលកម្ពុជា

ភ្នំពេញៈ បុរសជនជាតិ ប៊ែលហ្ស៊ិក ម្នាក់ ត្រូវបានលោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់អស់មួយ ជីវិត និងពិន័យ ជាប្រាក់ ចំនួន ៨០លានរៀល ចូលជាថវិការដ្ឋ ពាក់ព័ន្ធ សំណុំរឿង ដឹកគ្រឿងញៀន ចូលមកកម្ពុជា ជាង ១គីឡូក្រាម។

ជនជាប់ចោទឈ្មោះ CATRY DAVID NOEL ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ប៊ែលហ្ស៊ិក ត្រូវបានតុលាការចោទប្រកាន់ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកមរា ឆ្នាំ២០១៨ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នៅក្នុងសវនាការ កាលពីព្រឹកកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅជនជាប់ចោទ បានសារភាពថា រូបគេបានស្គាល់ជនជាតិប្រេស៊ីលម្នាក់ឈ្មោះ តាំង ហ្គី បានជិត២ឆ្នាំ។

ក្រោយមកឈ្មោះ តាំង ហ្គី បានឲ្យរូបគេទៅយកគ្រឿងញៀន ពីប្រទេសប្រេស៊ីល មកលក់នៅកម្ពុជា ដោយឲ្យតម្លៃឈ្នួល៣ម៉ឺនដុល្លារ។

ក្រោយពីជនជាប់ចោទទៅយកគ្រឿងញៀនពីប្រទេសប្រេស៊ីល ឆ្លងកាត់ទីក្រុងបាងកក មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងឃាត់ខ្លួនបានតែម្តង។

នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតគ្រឿងញៀនម្សៅ បរភេទ កាកូអ៊ីន ចំនួន ១០០៣.២៤ ក្រាម (ជាង១គីឡូ) ដែលរក្សាទុកនៅក្នុង វ៉ាលីខោអាវ៕

មតិយោបល់