ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅតាម បណ្ដោយផ្លូវជាតិលេខ៥

រដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅតាម បណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ខាងជើងឃ្លាំងផ្ទុកប្រេង ឥន្ធនៈសូគីមិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះថា ស្ពានអាកាសថ្មីដែលគ្រោង នឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នេះស្ពានអាកាសនេះមាន បណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ កម្ពស់ ៥ម៉ែត្រ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាន និងកំពុងសាងសង់បានជាង ៦៣ភាគរយ ហើយនោះ។

លោក សាំ ពិសិដ្ឋ បានបន្តថា គម្រោងនៃការសាងសង់ស្ពានអាកាសថ្មីហោះនៅលើ បណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ដោយប្រើរយៈពេល ១៥ខែ ពោលគឺឱ្យ ហើយនៅចុងខែមេសា ឆ្នាំ២០២៣ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសចំនួនពីរ កន្លែង នោះគឺគម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ ហោះលើមហាវិថីសហព័ន្ធរុស្សី នឹងគម្រោងសាងសង់ស្ពានអាកាសហោះលើ បណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច សាលាដែក ជាប់នឹងឃ្លាំងស្តុកប្រេងឥន្ធនៈសូគីម៉ិច ខណ្ឌឫស្សីកែវ ហើយគម្រោងនៃការ ស្ថាបនាស្ពានអាកាសទាំងពីរនេះ គ្រោងឱ្យរួចរាល់នៅមុនកម្ពុជាធ្វើជាម្ចាស់ ផ្ទះនៃព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAME ២០២៣។

គួររម្លឹកថា កាលពីម្សិលមិញ លោក ឯក ឃុនដឿន អភិបាលខណ្ឌ ឫស្សីកែវ បានដឹកនាំ មន្ត្រីរបស់ខ្លួនចុះទៅរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទីតាំងសម្រាប់រៀបចំវេទិកា បើកការដ្ឋានសាងសង់ស្ពានអាកាស ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

មតិយោបល់