ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនដឹកសំរាមកាយ៉ា ខណៈបើកបររេចង្កូតបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់

សៀមរាប: នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០១ និង ២០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តក្រុមហ៊ុនដឹកសំរាមកាយ៉ា ខណ:កំពុងតែបើកបរបានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិ ត ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តមួយគ្រឿង ពណ៌ខៀវ គ្មានផ្លាកលេខ របស់ក្រុមហ៊ុនដឹកសំរាមកាយ៉ា បើកបរដោយឈ្មោះ ថម ឡាក់ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូ មួយគ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម ១E៧៧.៥០ បើកបរដោយឈ្មោះ ចឹង ម៉ី ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត ។

ហេតុការណ៍នេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ អ្នកបើកបរម៉ូតូ និងខូចខាតរថយន្តមួយគ្រឿង -ម៉ូតូមួយគ្រឿង ។

អ្នកបើកបររថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ហើយរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំពោះមូលហេតុនោះ៖ គឺបណ្តាលមកពីអ្នកបើកបររថយន្តដឹកសំរាម ដោយបើកបរមិនប្រកាន់ស្តាំ ។ រីឯវត្ថុតាង៖ ទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយក្នាតាមផ្លូវច្បាប់នាពេលក្រោយ ៕

មតិយោបល់