ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រថយន្តTOYOTA COROLLA បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់

កំពង់ស្ពឺ៖ យុវតីម្នាក់ត្រូវបានរយន្តបុក និងកិនស្លាប់នៅនឹងកន្លែង និងស្ត្រីជាអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ចំណុចអូរព្រុង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលមូលដ្ឋានស្រុកឱរ៉ាល់ បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តTOYOTA COROLLA សេរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២AB- ២៦៧២ មួយគ្រឿងបើកបរដោយឈ្មោះ មិន សំរុង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង ខេត្តកំពត បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM C១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១U-១៥០៨ បើកបរបញ្ជ្រាស់ទិសគ្នា បណ្តាលឱ្យយុវតីម្នាក់ឈ្មោះ ហួត អុីហៀង អាយុ ១៥ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីអ្នករួមដំណើរឈ្មោះ ប៉ុន ភាព អាយុ ៤៨ឆ្នាំ រងរបួសធ្ងន់។

ក្រោយកើតហេតុជំនាញបានធ្វើការវាស់វែង និងបានយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាន រីឯសពប្រគល់ទៅឱ្យក្រុមគ្រួសារ។ យោងតាមការពិនិត្យនៅកន្លែងកើតហេតុ មន្ត្រីជំនាញចរាចរណ៍សន្និដ្ឋានថា ករណីគ្រោះចរាចរណ៍នេះផ្តើមចេញពីការបើកបរលឿន ខ្វះការប្រុងប្រយត្ន័ហើយជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

មតិយោបល់