បើទោះជាករណីនេះបានកើតឡើងជារឿយៗយ៉ាងណា ក៏នៅតែមានជនរងគ្រោះ ចាញ់បោកក្រុមទម្លាក់យោង អស់ក្រវិល ខ្សែក និងចិញ្ចៀន យំសោកបោកមិនស្ទើរនោះទេ ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់។ ហើយពិតណាស់ ករណីដែលបានកើតឡើងដដែលៗនេះ ត្រូវបានគេចាត់ទុកថា អស់របស់ទ្រព្យដោយសារតែមានសេចក្តីលោភលន់ខ្វះការពិចារណា។
ជាក់ស្តែង ថ្មីៗនេះ ស្រ្តីជាកម្មការិនីម្នាក់ បានចាញ់បោកក្រុមទម្លាក់យោង អស់ខ្សែក និងខ្សែដៃ សរុបជាទឹកប្រាក់ជាង១ពាន់ដុល្លារ បន្ទាប់ពីត្រូវ «មន្តសណ្តំ» គេឲ្យដោះរបស់ពិត ប្តូរយកខ្សែកកាឡៃយ៉ាងធំ បើគិតជាមាសចង់៧តំឡឹងឯណោះ។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅម្តុំរោងចក្រមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីបានឃើញបែបនេះ មហាជនភាគច្រើន បានស្តីបន្ទោសឲ្យស្រ្តីរងគ្រោះនោះថា «សម័យនេះហើយនៅប៉ាភ្លើទៀត, លោភលន់ពេក យូរហើយនៅតែមិនដឹង កុំស្តាយទុកជាមេរៀន,…»។ តែករណីនេះ អ្នកខ្លះថា ជាវិធីសណ្តំ មិនមែនសុទ្ធតែមនុស្សលោភទេ បើវាដាក់គោលដៅលើអ្នកណាហើយ យើងធ្វើតាមវាទាំងអស់។ តែទោះយ៉ាងណា ដើម្បីជៀសវាងការចាញ់បោកក្រុមទម្លាក់យោងដោះដូររបស់ទ្រព្យក្នុងវិធីនេះ គឺយើងទាំងអស់គ្នាមានតែការប្រុងប្រយ័ត្នប៉ុណ្ណោះ ជាពិសេសគឺគិតដល់សេចក្តីលោភលន់ចង់បានខ្វះការពិចារណាតែម្តង៕
មតិយោបល់