សៀមរាបៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១៣និង ៣០នាទី ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ មានករណីបាក់រលំជើងស៊ីតែនទឹក សង្កត់បុរសម្នាក់ស្លាប់ នៅចំណុចរោងចែកចាយ បណ្តាញប្រព័ន្ធទឹកជូនអាជីវករលក់ដូរពេលរសៀល តាមដងផ្លូវអង្គរព្យុងយូ (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្រុមទី០៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
សាកសពឈ្មោះ ណម សុនឿន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹក មានទីលំនៅភូមិ ត្នាតពង ឃុំ រុនតាឯក ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។
យោងតាមការពិនិត្យកន្លែងកើតហេតុ របស់សមត្ថកិច្ចជំនាញ ស្ថិតនៅជិតរោងលក់ស៊ុប តាមបណ្តោយផ្លូវ៦០ម៉ែត្រ (អង្គរព្យុងយូ) ជាកន្លែងដំឡើងស៊ីទែនទឹកសំរាប់លក់ចែកចាយ អោយអាជីវករលក់ដូរ ។
ជើងស៊ីទែនទឹក សង់អំពីដែក V. ៤ x ៤ មានបណ្តោយ ២,២០ ម៉ែត្រនិងទទឹង ១,១០ ម៉ែត្រ កំពស់ ៣ ម៉ែត្រ ចំណុះទឹក ២០០០ លីត្រ ជើងស៊ីទែនជាប្រភេទដែកចាស់ៗ ។
ការពិនិត្យស្លាកស្នាម: -ផ្នែកក្បាល: ស្នាមក្បាលខាងក្រោយបែកហើម ជាស្នាមស៊ីទែនទឹកសង្កត់លើ ។
– ផ្នែកដងខ្លួននិងអវយវៈមានស្ថានភាពធម្មតា ។
យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ និងការពិនិត្យសាកសព ស្លាប់ដោយរបួសក្បាលធ្ងន់ធ្ងរ (ស៊ីទែនទឹកសង្កត់លើ) ។
ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់