អាល្លឺម៉ង់ៈ ក្រុមអាល្លឺម៉ង់បានយកឈ្នះក្រុមអ៊ុយក្រែនដោយលទ្ធផល ២-០ ខណៈដែលក្រុមប៉ូឡូញវិញ ក៏មិនពិបាកយក៣ពិន្ទុពីហុល្លង់ដែរ ព្រោះឈ្នះ១-០ នេះ គឺក្រុមហុល្លង់គ្មានស៊ុតចំគោលដៅមួយជើងនោះទេ។
២គ្រាប់យកបាន៣ពិន្ទុឈរកំពូលតារាងបណ្ដោះអាសន្នរបស់អាល្លឺម៉ង់ធ្វើបានដោយកីឡាករ Mustafi នៅនាទី១៩ និងមួយគ្រាប់ចុងក្រោយធ្វើបានដោយកីឡាករចាស់វស្សា Schweinsteiger នៅចុងម៉ោងនាទី៩០។ ខណៈដែលអ៊ុយក្រែនមានឱកាសដែរ ប៉ុន្តែមិនអាចធ្វើបានសម្រេចឡើយ ដោយទាត់មិនផុតដៃអ្នកចាំទី Manuel Neuer ឡើយ។
ងាកទៅក្រុមប៉ូឡូញវិញ លទ្ធផល ១-០ គឺល្មមឱ្យពួកគេយកបាន៣ពិន្ទុហើយ ដោយទម្រង់លេងយប់មិញនេះ គឺគ្របលើអធិរាជពណ៌ទឹកក្រូចរហូត។ មួយគ្រាប់យក៣ពិន្ទុនេះធ្វើបានដោយ Milik នៅនាទី៥១។ ស្ថិតិគ្រប់គ្រងបាល់យប់មិញ គឺប៉ូឡូញស៊ុតចំគោលដៅបាន៤ដង ខណៈដែលហុល្លង់វិញ គ្មានសូម្បីមួយជើង ដោយស៊ុតចេញបានតែម្ដងគត់ ហើយខុសគោលដៅទៀត។
ចំពោះគូមួយទៀត គឺក្រូអាតយកឈ្នះទួគីដោយលទ្ធផល ១-០ ដោយកីឡាករ Luka Modric ជាអ្នកធ្វើបានសម្រេចនៅនាទី៤១ ហើយមួយគ្រាប់របស់កីឡាករលេងនៅ Real Madrid នេះ បានបង្កើតកំណត់ត្រាមួយទៅហើយ ពោលគឺជាកីឡាករដំបូងរបស់ក្រូអាតដែលអាចរកបាន២គ្រាប់ក្នុងព្រឹត្តិការណ៍ធំនៅទ្វីបអឺរ៉ុបនេះ។ មួយគ្រាប់ដំបូងរបស់កីឡាករវ័យ៣០ឆ្នាំនេះធ្វើបានពេលលេងជាមួយអូស្ដ្រាលីនៅឆ្នាំ២០០៨៕
មតិយោបល់