ព័ត៌មានជាតិ

មិត្តចិនប្រកាសថានឹងផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា តាមតម្រូវការចំបាច់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មិត្តចិនបានប្រកាសនឹងផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា តាមតម្រូវការចំបាច់នានា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានបេតុងអារមេខ្សែកាបប្ញស្សីកែវ ឆ្លងកាត់ទន្លេសាប និងផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស វ៉ាក់ សាំងដែលអាចទប់ទល់ជាមួយ មេរោគបំប្លែងថ្មីបានគឺវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។

សម្តេចតេជោ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមករានេះ កម្ពុជា មានវ៉ាក់សាំងជាង៩លានដូស ដូច្នេះសម្តចបានបញ្ជាទិញវ៉ាក់ សាំងចំនួន៥លានដូសបន្ថែម ទៀត ហើយត្រូវបានមិត្តចិន ប្រកាសជាការផ្តល់ជំនួយដល់កម្ពុជាតែម្តង ដើម្បីធ្វើជាដូសជំរុញចាក់ជូនប្រជាពលរដ្ឋ ។ បន្ថែមពីការផ្តល់ជំនួយ៥លានដូសនេះ សម្តេចតេជោក៏សម្រេចបញ្ជាទិញវ៉ាក់សាំងចំនួន៣លានដូសថែមទៀត ធ្វើឱ្យចំនួនវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញ កើនដល់៨លាន ដូស ដែលនឹងមកដល់កម្ពុជា នៅឆមាសទី១ឆ្នាំ២០២២នេះ។

សម្ដេចបញ្ជាក់ថា « នៅពេលដែលអគ្គរដ្ឋទូតចិន ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គាត់ថានឹងផ្តល់ជំនួយដល់កម្ពុជាតាមតម្រូវការ ត្រូវស្តាប់ឱ្យច្បាស់ភាសារបស់មិត្តចិន បើគាត់ប្រើពាក្យថានឹងជួយកម្ពុជាទៅតាមលទ្ធភាព។ អាហ្នឹងត្រូវគិតថា លទ្ធភាពរបស់គាត់មានកម្រិតណា យើងត្រូវទិញកម្រិតណា ប៉ុន្តែពេលនេះគាត់បានប្រើភាសាមួយថា ជួយកម្ពុជាតាមតម្រូវការ បានសេចក្តីថា បើកម្ពុជាត្រូវការ១០លានដូស គាត់ឱ្យ១០លានដូស ប៉ុន្តែយ៉ាងណាក៏ដោយឥឡូវគាត់ឱ្យ៥លានដូស បូកជាមួយនិងទិញថែម៣លានដូសទៀត ៨លានដូសនឹងមកក្នុងឆមាសទី១នេះ » ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ខណៈដែលមេរោគនេះវាមិនធ្វើឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែវាមានការឆ្លងរាលដាលលឿនដូច្នេះត្រូវបន្តអនុវត្តវិធានសុខាភិបាល ៣ការពារ ៣កុំ។ សម្តេចបានបញ្ជាក់ទៀតថា ពេលនេះនៅកម្ពុជាលែងមាន ជំងឺកូវីដ១៩ ប្រភេទដែលតា និងអាល់ហ្វាហើយ នៅតែប្រភេទអូមីក្រុងប៉ុណ្ណោះ ៕

មតិយោបល់