ព័ត៌មានជាតិ

ក្មេងស្រី អាយុ ១៥ឆ្នាំ ដែលបានចេញពីផ្ទះបាត់ដំណឹង កាលពីថ្ងៃមុន ត្រូវបានរកឃើញវិញហើយ!

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៦និង១៥ នាទីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ អំឡុងពេលដែលសមត្ថកិច្ចនគរបាលទាំង១៤ខណ្ឌ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងស្រាវជ្រាវស្វែងរកក្មេងស្រីខាងលើនោះ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដំណឹងពីអាណាព្យាបាលក្មេងស្រីខាងលើ ដោយបានបញ្ជាក់ថា ក្មេងស្រីឈ្មោះ ស បេឡាណាឌីកា អាចទំនាក់ទំនងបានវិញហើយ (ដោយនាងបើកប្រើទូរស័ព្ទ) និងបានសម្របសម្រួលឲ្យនាងចូលផ្ទះវិញដោយសុវត្ថិភាព។ អាណាព្យាបាលបានបញ្ជាក់បន្ថែមថា មូលហេតុដែលនាងចាកចេញពីផ្ទះ ហើយផ្ដាច់ទំនាក់ទំនងមួយរយៈពេលខ្លីនោះ ដោយសារតែនាងខឹងសម្បាជាមួយសមាជិកគ្រួសារស្តីបន្ទោស។

អាណាព្យាបាលក្មេងស្រីខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំស្រាវជ្រាវ និងរក្សាទំនាក់ទំនងជាមួយអាណាព្យាបាលជាបន្តបន្ទាប់ រហូតដល់ក្មេងស្រីខាងលើបានត្រឡប់ចូលមកផ្ទះវិញដោយសុវត្ថិភាព។

សូមរំលឹកថា៖ នៅវេលាម៉ោង១១និង០២នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីឈ្មោះ តន់ ធីណា ភេទប្រុស ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា បានបាត់កូនស្រីឈ្មោះ ស បេឡាណាឌីកា អាយុ ១៥ ឆ្នាំ បានចេញពីផ្ទះកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយជិះម៉ូតូមួយគ្រឿងម៉ាក Grand filano yamaha ស្លាកលេខ ភ្នំពេញ 1GJ- 6411។

បន្ទាប់ពីទទួលបានព័ត៌មានពីបុរសជាឪពុក ដែលទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) ១១៧ របស់មជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារបាទធ្វើចំណាត់ការផ្ដល់ព័ត៌មានបន្តទៅការិយាល័យស្តង់ដា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍ស្វែងរក។

ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលនៅគ្រប់កាលទេសៈ សូមទំនាក់ទំនងទូរសព្ទទាន់ហេតុការណ៍ ១១៧ (ដោយឥតគិតថ្លៃ) យើងខ្ញុំនឹងរក្សាការសម្ងាត់ និងធានាសុវត្ថិភាពជូន និងពិនិត្យលទ្ធភាពដើម្បីអន្តរាគមន៍ដោះស្រាយជូនទាន់ពេលវេលា៕

មតិយោបល់