មណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុនលើគ្រួសារមួយនៅស្រុកពេជ្រាដា ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី មានករណីឃាតកម្ម (បាញ់និងវាយ) បណ្តាលឲ្យក្មេង ចាស់ចំនួន ០៥នាក់បានស្លាប់ និងក្មេងប្រុស០១នាក់ រងរបួស នៅចំណុចស្រែចោត ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបន្តថា ក្រោយពីមានហេតុការណ៍កើតទ្បើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ , នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីអង្គការការពារកុមារ CPU ចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនល្មើសដែលពាក់ពន្ធ័ករណីខាងលើនេះ ។ រហូតមកដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារបានឈានទៅដល់កំណត់អត្តសញ្ញាណជនសង្ស័យ និងធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ០៦នាក់ រួមមាន ៖
១.ឈ្មោះ ធី ម្ពៀត ហៅ ព្សឹត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់) ។
២.ឈ្មោះ រឹម ធា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់) ។
៣.ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់) ។
៤.ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់) ។
៥.ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ព្នង (អ្នកបញ្ជាឲ្យសម្លាប់) ។
៦.ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ (អ្នកបញ្ជាឲ្យសម្លាប់) ។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព បាញ់ និងវាយសម្លាប់ ទៅលើជនរងគ្រោះ ទាំង០៦នាក់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រាកដមែន ។ មូលហេតុ ដោយសារគំនុំ រឿងចោទប្រកាន់ក្រុមគ្រួសាររងគ្រោះថា បានធ្វើអំពើ អាបធ្មប់ មកលើគ្រួសារខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលារ ផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់